គណៈប្រតិភូជាន់ខ្ពស់សភា កម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ នៅសាធារណរដ្ឋហ្វីលីពីន

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ក្រោមមូលបទ “ភាព ជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព” ដែលរដ្ឋសភាហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ នៅមជ្ឈមណ្ឌល សន្និបាតអន្តរជាតិ នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ័ន មីហ្គែល (Juan Miguel) ប្រធានព្រឹទ្ធសភា និង ឯកឧត្តម ហ្វឺឌីណាន់ ម៉ារទីន រ៉ូម៉ូលដេស (Ferdinand Martin Romualdez) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន។

គណៈប្រតិភូសភាកម្ពុជា ក៏គ្រោងទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាលក្ខណៈទ្វេភាគី ជាមួយប្រធាន គណៈប្រតិភូសភាឡាវ វៀតណាម ថៃ និង ប្រធានសភាហ្វីលីពីន ដែលជាម្ចាស់ផ្ទះ ព្រមទាំងគ្រោងជួបជាមួយអគ្គនាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ(IRRI)។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំជាច្រើនរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ។

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១(APPF-31) មានគណៈកម្មាធិការ ចំនួន៤គឺ៖ ១-កិច្ចប្រជុំសមាជិកសភាជាស្ត្រី ២-គណៈកម្មាធិការស្តីពីនយោបាយ និងសន្តិសុខ ៣-គណៈកម្មាធិការ ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៤-គណៈកម្មាធិការកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចពិភាក្សា តុមូល សម្រាប់សមាជិកសភាវ័យក្មេង។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះពេញ ជាភាសាអង់គ្លេស “The Asia-Pacific Parliamentary Forum” ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភាក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។

សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន ២៨ប្រទេស ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner