ទូតជប៉ុនប្រចាំកម្ពុជា ៖ ជប៉ុន និងកម្ពុជា បានវិវត្តក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំនេះតទៅ

(កំពង់ឆ្នាំង)៖ ជប៉ុន និងកម្ពុជា បានសហការយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់សន្តិភាពនិងការស្ដារឡើងវិញនូវការអភិវឌ្ឍន៍នៅកម្ពុជា ដែលកិច្ចប្រឹងប្រែងនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនេះ ជប៉ុន និងកម្ពុជា បានវិវត្តក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ ២០២៣ នេះតទៅ ។ នេះជាបញ្ជាក់របស់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់ខេត្តបាត់ដំបង ប្រវែងជាង ២៤៦គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ។

ឯកឧត្តម UENO Atsushi បានមានប្រសាសន៍ថា អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយថា កម្ពុជា មានទីតាំងជាយុទ្ធសាស្ត្រស្ថិតនៅចំកណ្ដាលច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ ទីតាំងនេះត្រូវបានកំណត់ជាតំបន់អាទិភាពសម្រាប់លើកកម្ពស់ការតភ្ជាប់។ ក្នុងផែនការមេស្ដីពីការតភ្ជាប់អាស៊ានដែលទទួលបានការយល់ស្របក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១០។ កម្ពុជា ត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ក្នុងបរិបត្តិនេះផ្លូវជាតិលេខ៥ ដែលតភ្ជាប់ប្រទេសវៀតណាម កម្ពុជា និងថៃ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់បម្រើលើការអភិវឌ្ឍក្នុងតំបន់ ។

ឯកឧត្តម សម្ដែងក្ដីរីករាយ ចំពោះការបញ្ចប់ដោយជោគជ័យនូវគម្រោងធ្វើឱ្យប្រសើរឡើងកំណត់ផ្លូវជាតិលេខ៥ នេះ ព្រោះវាមិនត្រឹមតែមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងសម្រាប់តំបន់មេគង្គទាំងមូលផងដែរ។ ក្នុងនាមជាគម្រោងដល់លេចធ្លោមួយរបស់រដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា, ផ្លូវជាតិលេខ៥ គឺជាផ្លូវមួយដ៏មមាញឹកបំផុត ក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមជឿថា មានបញ្ហាប្រឈមជាច្រើនបានកើតឡើងនៅក្នុងកំឡុងពេលសាងសង់ ដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានចរាចរណ៍ដែលមានស្រាប់។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ងាកមកមើលពីទំនាក់ទំនងទ្វេភាគី ឆ្នាំនេះគឺជាខួបជិតសិបឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជប៉ុន និងកម្ពុជា បានសហការយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់សន្តិភាពនិងការស្ដារឡើងវិញនូវការអភិវឌ្ឍន៍នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែមានការចូលរួមពីរដ្ឋាភិបាលនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចូលរួមពីអ្នកធុរកិច្ច អង្គការក្រៅរដ្ឋាភិបាល និងបុគ្គលផងដែរ ដែលបានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំនិងមានទំនុកចិត្ត។ ជាលទ្ធផល កិច្ចប្រឹងប្រែងនៃកិច្ចសហប្រតិបត្តិការដល់ទូលំទូលាយនេះ ជប៉ុន និងកម្ពុជា បានវិវត្តក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣នេះតទៅ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner