ត្រឹមល្ងាចថ្ងៃទី២២ ខែវិច្ឆិកា៖ មានបេក្ខជនចំនួនជាង១០រូប បានដាក់ពាក្យឈរឈ្មោះជាសមាជិក គ.ជ.ប
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា មកដល់ត្រឹមល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបេក្ខជនចំនួនជាង១០រូប បានដាក់ពាក្យឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈដែលការទទួលពាក្យបេក្ខជនឈរឈ្មោះនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ១៧:៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកាស្អែក។
មន្ត្រីជាន់ខ្ពស់រដ្ឋសភាបានថ្លែងប្រាប់ AMS កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកានេះថា គិតត្រឹមល្ងាចថ្ងៃទី២២ ខែវច្ឆិកានេះ មានបេក្ខជនដាក់ពាក្យឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានចំនួនជាង១០នាក់ហើយ ប៉ុន្តែអ្នកខ្លះដាក់ឯកសារមិនគ្រប់ ហើយនៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ដែលជាថ្ងៃឈប់ទទួលពាក្យទើបអាចដឹងចំនួនបេក្ខជនចំនួនប៉ុន្មានពិតប្រាកដ។ បន្ទាប់ពីបិទបញ្ចប់ការទទួលពាក្យ គឺគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យមើលបេក្ខជនដែលពាក្យឈរឈ្មោះ ហើយត្រូវសួរយោបល់គណបក្សទាំងក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ទើបបានកំណត់បេក្ខជន។
ប្រភពដដែលបានបញ្ជាក់ថា ការរើសនេះ គឺរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប គឺ ៤រូបគណបក្សក្នុងរដ្ឋាភិបាល និង៤រូបទៀតគណបក្សមិនមែនរដ្ឋាភិបាល និង១រូបទៀត គឺគណបក្សទាំងពីរឯកភាពគ្នា។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នឹងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុលោមតាមមាត្រា៥ និងមាត្រា៦ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឥស្សរជនដែលមានបំណងឈរឈ្មោះជាបេក្ខជនក្នុងការជ្រើសរើសនេះ ត្រូវដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយមានភ្ជាប់មកជាមួយនូវ៖
១- ជីវប្រវត្តិសង្ខេប
២- សេចក្តីចម្លងសំបុត្រកំណើត
៣- ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤- សេចក្តីប្រកាសអំពីសញ្ជាតិ (មានគំរូផ្តល់ជូន)
៥- សេចក្តីបញ្ជាក់អំពីការចុះឈ្មោះបោះឆ្នោត ដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនបានចុះឈ្មោះបោះឆ្នោត
៦- សញ្ញាបត្រថ្នាក់ឧត្តមសិក្សា ឬលិខិតបញ្ជាក់ថាបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់ឧត្ដមសិក្សាឡើងទៅ
៧- លិខិតបញ្ជាក់អំពីបទពិសោធន៍ការងារយ៉ាងតិច១០ឆ្នាំដែលចេញដោយ អង្គភាពដែលសាមីខ្លួនបម្រើការងារ
៨- សេចក្តីប្រកាសអំពីចំណងសហព័ទ្ធ ញាតិលោហិត និងញាតិពន្ធ (មានគំរូផ្តល់ជូន)
៩- លិខិតថ្កោលទោស
១០-រូបថតទំហំ ៤ x ៦ (រូបថតថ្មី ថតចំពីមុខគ្មានពាក់វ៉ែនតា)
អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០នាទី នៅនាយកដា្ឋនគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៣០នាទីរសៀល៕
ដោយ៖ពលជ័យ