៣ ខែ ក្រោយពីរាជរដ្ឋាភិបាលថ្មី ធ្វើការភ្លាម ធ្វើដោយសកម្ម ដោយឆន្ទៈមោះមុត និងប្រកបដោយចក្ខុវិស័យ ត្រឹមតែ ៣ខែ រាជរដ្ឋាភិបាលអាណត្តិទី ៧ សម្រេចបានលទ្ធផលធំធេងជូនជាតិ និងប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ សមិទ្ធផលដែលសម្រេចបានគឺធំធេងហួសពីការស្មានពីព្រោះក្រោយពីរាជរដ្ឋាភិបាលកើតភ្លាម ធ្វើការភ្លាម ធ្វើដោយសកម្ម ដោយឆន្ទៈមោះមុត និងប្រកបដោយចក្ខុវិស័យ នៅក្រោយរៈពេល ៣ ខែនៃអាណត្តិ៥ ឆ្នាំ ដឹកនាំដោយសម្តេបវរមហាធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលធំធេងជូនជាតិនិងប្រជាពលរដ្ឋ។

ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ថាសមិទ្ធផលធំៗនោះរួមមាន ទី១៖ការរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គមនយោបាយ សេដ្ឋកិច្ច និងដំណើរការជាប្រប្រតីនៃរដ្ឋបាលសាធារណៈ រួមទាំងការអភិវឌ្ឍ ។ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺធានាប្រប្រតីភាពគ្រប់យ៉ាង និងធានាការពារសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោកសាងឡើងមិនឱ្យបានត់បង់ ឬមិនមិនឱ្យសូម្បីតែការប្រែប្រួលជាអវិជ្ជមានណាមួយឡើយ។ នេះជាសមិទ្ធផលធំធេងដំបូងបង្អស់ ពីព្រោះប្រវត្តិសាស្ត្របានបង្ហាញហើយថា កម្ពុជាយើងពេលផ្លាស់ប្តូរអ្នកដឹកនាំម្តងៗតើប្រទេសជាតិជួបអ្វីខ្លះ? សង្គ្រាម បែកបាក់ កាប់សម្លាប់ សងសឹក….តែការផ្លាស់ប្តូរមេដឹកនាំលើកនេះ ជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ។

ទី២៖យុទ្ធសាស្ត្របញ្ចកោណ៖ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងកាលពីថ្ងៃទី២៤សីហាសម្តេចធិបតីប្រកាសគោលនយោបាយ«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដោយមានមុំ៥៖
១– គឺការអភិវឌ្ឍមូលធនមនុស្ស , ២– ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង, ៣– ការអភិវឌ្ឍវិស័យឯកជន និងការងារ, ៤– ការអភិវឌ្ឍប្រកបដោយភាពធន់ ចិរភាព និងបរិយាប័ន្ន, ៥– ការអិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថល
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាព ៦យ៉ាងដែលត្រូវអនុវត្តជាបន្ទាន់ក្នុងឆ្នាំ ២០២៣៖ ( ផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសាកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, ពង្រឹងកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃ, ពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្ម)
១– សុខភាព៖ ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ តាមរយៈកម្មវិធី២គឺ ទី១៖ ការពង្រីកមូលនិធិសមធម៌សុខាភិបាល និងទី២៖ ការពង្រីករបបសន្តិសុខសង្គមថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិក ប ស ស ( ទាំងសម្រាប់កម្មករ និយោជិត មន្ត្រីសាធារណៈ)។ កម្មវិធីទី១គឺ“ត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍កាលពីថ្ងៃទី២៤ តុលា ដែលនឹងផ្តល់ប្រយោជន៍ដល់គ្រួសារជនងាយរងហានិភ័យ”សរុបជាង ៤៩ ម៉ឺន គ្រួសារ ឬស្មើនឹងជាង ១.៨ លាន នាក់បន្ថែមទៀតដែលធ្វើឱ្យមូលនិធិសមធម៌គ្របដណ្តប់ប្រជាពលរដ្ឋជាង ៤លាននាក់ ។ ចំណែក កម្មវិធីទី២គឺ ការពង្រីករបបសន្តិសុខសង្គមថែទាំសុខភាពរបស់ ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្តត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៣ វិច្ឆិកា ហើយកម្មវិធីនេះនឹងគ្របដណ្តប់ប្រជាពលរដ្ឋជាង ៥លាននាក់។ សរុបទៅ កម្មវិធីថែទាំសុខភាពទាំងពីរគ្របដណ្តប់ប្រជាពលរដ្ឋជាង ៩ លាននាក់។ ដូច្នេះ មានន័យថា សេវាថែទាំសុខភាពគ្របដណ្តប់ជាសាកលដែលជាគោលដៅរបស់សម្តេចធិបតីក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១នេះនឹងឈានដល់គោលដៅក្នុងរយៈពេលមិនយូរខាងមុខនេះ។

២–ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស៖ ជូនយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ សរុបប្រមាណជា ១,៥ លាននាក់ទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភ ២៨០ ០០០ រៀលក្នុងមួយខែ។ ប្រកាសដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី ១៤ វិច្ឆិកា ។ គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងផ្តោតសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ហើយត្រូវនឹងជំនាញដើម្បីធានាដល់ការងារ, និងលើកស្ទួយជីវភាព ព្រមទាំងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារ។ ចំណែក ក្រុមហ៊ុនក៏មានបុគ្គលិកប្រកបដោយសមត្ថភាព ហើយស្របតាមជំនាញ។ ការបណ្តុះបណ្តាលចំពោះមុខ គឺផ្តោតលើ ១០ វិស័យ និង ៣៨ មុខជំនាញ។
៣–លើកកម្ពស់កម្មវិធីជាតិជំនួយសង្គម៖ ដើម្បីជួយគ្រួសារក្រីក្រនិងងាយរងហានីភ័យឱ្យបានទូលំទូលាយនិងច្បាស់លាស់។ គោលដៅសំខាន់បំផុតរបស់សម្តេចធិបតីគឺ ពលរដ្ឋក្រីក្រនិងងាយរងហានីភ័យត្រូវតែទទួលបានជំនួយសង្គមនៅពេលដែលពួកគេរងគ្រោះ ឬជួបវិបត្តិដោយប្រការណាមួយ។ ដើម្បីធានាការងារនេះឱ្យបានច្បាស់លាស់ ចាំបាច់ត្រូវពង្រឹងយន្តការនេះរឹងមាំ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ កម្មវិធីនេះរៀបចំដោយក្រសួងសង្គមកិច្ចគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តនាដើមខែធ្នូខាងមុខនេះ។

៤–ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ – យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១០ តុលា។ យុទ្ធសាស្ត្រជាតិនេះមានគោលដៅជួយគាំពារ ជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកលូតលាស់ហើយអាចចូលក្នុងប្រព័ន្ធដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ (១)ការផ្តល់ការគាំពារ បង្កើតនូវបរិយាកាសអំណោយផលសឹម្រាប់អាជីវកម្ម, ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម និង(២). ការផ្តល់ការគាំពារសង្គមដល់បុគ្គលស្វ័យនិយោជន៍ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្តោតការយកចិត្ត ទុកដាក់ជាបឋម លើការផ្តល់សេវាថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។

៥–ជួយកសិករក្នុងវិស័យកសិកម្ម៖ យន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានដើម្បីលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃផលិតផលកសិកម្ម។ ប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី ២០ វិច្ឆិកា ។ គោលបំណងគឺដើម្បី ជួយកសិករក្នុងការបង្កើនផលិតកម្មរបស់ខ្លួន ពោលគឺឱ្យពួកគាត់ផលិតឱ្យបានច្រើនជាងមុន, មានទីផ្សារលក់ និងរក្សាស្ថិរភាពតម្លៃ។ ក្នុងផែនការនេះ រាជរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកា ១០០ លានដុល្លារ ដើម្បីចាប់ផ្តើម។ អាចវិភាជថវិកាបន្ថែមប្រសិនបើចាំបាច់។

៦–ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំសង្កាត់ដែលមានសកម្មភាពកសិកម្ម៖ គឺជាការបង្ខិតសេវាបម្រើកសិករឱ្យទៅកៀកកសិករតែម្តង។ ក្រសួងកសិកម្មនឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្ម ១ ៦០០ នាក់ ទូទាំងប្រទេសពីពេលនេះដល់ ២០២៥។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលមានផែនការរៀបចំឱ្យមានសហគមន៍កសិកម្មទំនើប។ គោលដៅ៖ ប្រែក្លាយកសិកម្មកម្ពុជាពីកសិកម្មជាលក្ខណៈគ្រួសារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ។

ទី៣៖ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ៖ ថ្ងៃ ២៧ តុលាប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តសេចក្តីព្រាងព្រះរាជ្យក្រឹត្យ។ ថ្ងៃទី ០២ វិច្ឆិកា ព្រះមហាក្សត្រឡាយព្រហស្ថលេខាលើព្រះរាជ្យក្រឹត្យ។ ក្រសួងយុត្តិធម៌កំពុងរៀបចំបែបបទនីតិវិធីក្រមប្រតិបត្តិ និងក្រមសីលធម៌ដើម្បីផ្សព្វផ្សាយនិងអនុវត្ត។ នេះគឺជាសមិទ្ធផលថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ៖ ផ្តល់ជម្រើសងាយស្រួលនិងថ្មីឱ្យប្រជាពលរដ្ឋទទួលបានសេវាយុត្តិធម៌ដែលនៅកៀកខ្លួន។ កាត់បន្ថយសំណុំរឿងនៅឯតុលាការ និងកាត់បន្ថយទំនាស់នៅក្នុងសហគមន៍ដែលជាផ្នែកមួយនៃការបង្កើតសុខដុមរមនីយកម្មនៅក្នុងឃុំសង្កាត់។

ទី៤៖ ក្នុងរយៈពេល៣ខែ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានចុះជួបសំណេះសំណាលជាមួយ កម្មករ-កម្មការីនី តាមរោងចក្រ សហគ្រាស ក្នុងរាជធានី/ខេត្ត ចំនួន ១០លើក សរុបអ្នកចូលរួមជិត ២០ ម៉ឺននាក់។ ហេតុអ្វីត្រូវចាត់ទុកជំនួបជាមួយកម្មករ កម្មការិនី ជាសមិទ្ធផល? ពីព្រោះក្នុងជំនួបទាំងនោះបានដោះស្រាយបញ្ហាច្រើនយ៉ាងជូនកម្មករ កម្មការិនី៖

១៖ សម្រេចបានការដំឡើងប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៤ ឡើងដល់ ២០៤ដុល្លារក្នុងមួយខែ។
២-ជំរុញឱ្យរៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ដើម្បីត្រៀមដាក់ឱ្យដំណើរ ការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុង បន្ទុកសមាជិក ប.ស.ស. ឱ្យបានលឿនដើម្បីពួកគេឆាប់ទទួលបានផលប្រយោជន៍។
៣៖សម្របសម្រួលឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈដែរក្នុងក្របខណ្ឌនៃកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់។
៤៖ ជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ការបណ្តុះបណ្តាលកម្មករ និយោជិត ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។
៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងធានាថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពបានចេញធ្វើការមុន ១៥នាទី។
៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។
ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំ ក្រសួងការងារឱ្យយកចិត្តទុកដាក់សម្រេចការងារអាទិភាពចំនួន៤ទៀតគឺ៖
១៖ ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ។ ២៖ ការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រឱ្យបានសមរម្យ។ ៣៖ មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧។ ៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ សម្រាប់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន។

រីឯសមិទ្ធផលទី៥៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំនួន ៣លើក បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនជាង ១០ក្នុងនោះមាន ការពិនិត្យនិងសម្រេចសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ ចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ”។ល។ និង។ល។
និងសមិទ្ធផលទី៦៖ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន កាលពីថ្ងៃទី ១៣ វិច្ឆិកា សម្តេចធិបតីបានសម្រេចដាក់ចេញគោលនយោបាយជាច្រើនដើម្បីជួយដល់ផ្នែកឯកជន មានដូចជាវិស័យទេសចរណ៍, អចលនទ្រព្យ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសន្និដ្ឋានថា៖ត្រឹមតែ៣ខែ រាជរដ្ឋាភិបាលអាណត្តិទី ៧ សម្រេចបានលទ្ធផលធំធេងជូនជាតិនិងប្រជាពលរដ្ឋ។ គ្រាន់តែឃើញលទ្ធផលបីខែនេះ យើងប្រាកដជាមានសុទិដ្ឋនិយមយ៉ាងប្រាកដប្រជាថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងសម្រេចបានគោលដៅរបស់ខ្លួនយ៉ាងពិតប្រាកដពោលគឺ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានកត់ចំណាំចំណុចគន្លឹះរបស់សម្តេចធិបតី៖
១ កុំនិយាយតែមាត់ កុំសរសេរតែលើក្រដាស់ តែត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង
២ បង្អង់ការពង្រីក តែយកចិត្តទុកដាល់លើការពង្រឹង (ពង្រឹងគុណភាព និងប្រសិទ្ធភាព)
៣ កសាងមូលធនមនុស្ស (ចំណេះដឹង សមត្ថភាព សុខភាព និងសីលធម៌)
៤ សម្តេចធិបតីជាមេដឹកនាំប្រាកដនិយម មានចក្ខុវិស័យវែងឆ្ងាយ និងចង់ឃើញលទ្ធផល។
ទាំងនេះគឺជាចំណុចខ្លាំងដែលជាចលករជំរុញឱ្យគោលនយោបាយទាំងឡាយសម្រេចគោលដៅ៕

ដោយ លោកស្រី ឈុន លីដា លោក ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner