សម្ព័ន្ធយោធាអន្តរជាតិ NATO ស្វាគមន៍កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង រវាងអ៊ីស្រាអែលនិងហាម៉ាស
ស្កុបជេ៖ ប្រធានសម្ព័ន្ធយោធាអន្តរជាតិ NATO លោក Jens Stoltenberg “ស្វាគមន៍” កិច្ចព្រមព្រៀងចំណាប់ខ្មាំង រវាងភាគីអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
ថ្លែងនៅក្នុងទីក្រុង ស្កុបជេ (Skopje) ប្រទេសម៉ាសេដ្វាន នៅមុនពេលមានកិច្ចប្រជុំក្រៅផ្លូវការរបស់ NATO កាលពីថ្ងៃពុធ សប្តាហ៍នេះ លោក Jens Stoltenberg អគ្គលេខាធិការ NATO បានប្រកាសស្វាគមន៍កិច្ចព្រមព្រៀង ដែលបានធ្វើឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
កាលពីពេលថ្មីៗនេះ ក្រោមការសម្របសម្រួលពីប្រទេសកាតា និងអាមេរិក ពួកហាម៉ាសបានឯកភាពថា នឹងដោះលែងចំណាប់ខ្មាំង យ៉ាងហោចណាស់ ៥០ នាក់ ដោះដូរនឹងបទឈប់បាញ់របស់អ៊ីស្រាអែល នៅហ្គាហ្សា រយៈពេល ៤ថ្ងៃ។
លោក Stoltenberg បាននិយាយថា ការព្រមព្រៀងគ្នានេះ នឹងអាចសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិល បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ជាច្រើនសប្តាហ៍ នៅតំបន់ហ្គាហ្សាស្ទ្រីប។
គួរបញ្ជាក់ថា ក្រៅពីសម្ព័ន្ធយោធាអន្តរជាតិ NATO កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអុីស្រាអែលនិងហាម៉ាសនេះ ក៏ត្រូវបានប្រកាសស្វាគមន៍ដោយប្រទេសធំៗជាច្រើន រួមមាន អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ ហ្សកដានី និងអេហ្ស៊ីប ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត