ឆ្នាំ២០២៤ សមាគមជប៉ុន-កម្ពុជា គ្រោងនឹងបើកការិយាល័យ នៅ ភ្នំពេញ
ភ្នំពេញ ៖ ថ្លែងនាឱកាសដឹកនាំ គណៈប្រតិភូចូលជួបសម្តែង ការ គួរ សម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម Takahashi Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា (JCA) បានគូសបញ្ជាក់ថា សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ ។
ឯកឧត្ដម ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថា ការិយាល័យ នេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈ មណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួល ដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។
ឯកឧត្ដមប្រធានសមាគម បន្តថា បច្ចុប្បន្ន JCA កំពុងកៀរគរ និង ជំរុញ វិនិយោគិនសហគ្រាសធុនតូច និងមធ្យម ជប៉ុន ដែលមាន វិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើបមកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យ ដើម្បី ជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះប្រតិភូ សមាគមជប៉ុន-កម្ពុជា ព្រមទាំងបាន សម្តែង នូវ ការអបអរសាទរសម្រាប់ឱកាសប្រារព្ធខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណសមាគមជប៉ុន-កម្ពុជា ដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់ ការ ពង្រឹង ចំណងកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញ វិនិយោគិន ជប៉ុនមកបណ្ដាក់ទុន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជាឱ្យកាន់តែរីកចម្រើន ។
មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងបានថ្លែងអរគុណវិនិយោគិនជប៉ុន ដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា ៕
ដោយ-រ៉ាវុធ