សម្ដេចធិបតី៖ រយៈពេល ៣ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានប្រកាស និងដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន ៥ ហើយ
ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែ កន្លងទៅនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន ៥ ត្រូវបានប្រកាស និងដាក់ឲ្យចាប់ផ្ដើមអនុវត្តរួចរាល់ហើយផងដែរ ។ នេះជាលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្មវិធីគោលនយោបាយអាទិភាពចំនួន៥ រួមមាន ៖ ១.យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (២០២៣-២០២៨ ), ២. ការពង្រឹងមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ , ៣.កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ជាមួយការពង្រីក វិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វាយនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត , ៤. កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី៥ .ការដាក់ពង្រាយ មន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិកម្មបែបថ្មី ។
សម្តេចបន្ថែមថា ក្នុងអំឡុងពេលនេះដែរ ក្នុងចំណោមវិធានការកន្លឹះដែលមានចរិតជាការកែទម្រង់ស្ថាប័ន រាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវគណៈកម្មការជាតិចំនួនបីរួមមាន៖ គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ, គណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំ និងគណៈកម្មការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យសុខាភិបាល។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវការរៀបចំនិងកិច្ចដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សប្តាហ៍កន្លងទៅនេះ នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ សម្តេចក៏បានសម្រេចដាក់ចេញ វិធានការមុតស្រួចដែលមានចរិតជាការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជាក៏ដូចជាការឆ្លើយតបកង្វល់របស់ផ្នែកឯកជន ដែលមានជិត ២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច និងការសម្រាលបន្ទុក របស់ប្រជាជនទូទៅ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ