រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យការបោះពុម្ពលទ្ធផលប្រឡង សញ្ញាបត្របាក់ឌុប
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីថ្នាក់ដឹកនាំក្រសួងអប់រំ បានចុះពិនិត្យមើលដំណើរការ នៃការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។
ក្រសួងអប់រំបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ថា៖ក្រៅពីមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំចុះពិនិត្យដំណើរការនៃការ បោះ ពុម្ព លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបនេះហើយ ក៏នៅមាន មន្រ្តី អង្គភាពប្រឆាំងអំពើពុករលួយចូលរួមផងដែរ ដើម្បីធានាបានថា គ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងអប់រំបានបញ្ជាក់ថា “គ្រប់គណៈកម្មការនៃការប្រឡង សញ្ញា បត្រ មធ្យមសិក្សាទុតិយភូមិ បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយក ចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់”។
គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាស នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ ដោយឡែកសម្រាប់ មណ្ឌល តាមបណ្ដាខេត្ត នឹងត្រូវប្រកាសនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងមានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក ផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ម៉ាដេប៉ូ


