សម្ដេចធិបតី៖ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ផ្តល់ឱកាសឱ្យ គ្រប់ តួអង្គ បានជួបជជែកគ្នាទៅលើបញ្ហាទាំងឡាយ ដើម្បីកិច្ច អភិវឌ្ឍន៍
ភ្នំពេញ៖ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែផ្តល់តម្លៃខ្ពស់ចំពោះសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សន្និសីទនេះ ជាវេទិកានៃការផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក។ សម្ដេច បានសម្ដែងក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមបើកសន្និសីទចុក្ខវិស័យប្រទេសកម្ពុជា ។
សម្ដេចធិបតី បានបន្តថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា គឺជាវេទិកាមួយ ដែលផ្តល់ឱកាសឱ្យគ្រប់តួអង្គទាំងអស់ ជាពិសេស ស្ថាប័នសិក្សាស្រាវជ្រាវ បានជួបជជែកគ្នាទៅលើបញ្ហាទាំងឡាយ ដើម្បីកិច្ចអភិវឌ្ឍន៍។
សូមបញ្ជាក់ថា កម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការប្រែក្លាយទៅជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០។ ដើម្បីស្វែងរកមាគ៌ាឆ្ពោះទៅមុខ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានផ្តួចផ្តើមការស្រាវជ្រាវយ៉ាងទូលំទូលាយមួយ ដើម្បីរួមចំណែកដល់ចក្ខុវិស័យនេះ ។
សន្និសីទឆ្នាំ២០២៣នេះ មានក្រុមពិភាក្សាសំខាន់ៗចំនួន ៣ វគ្គ។ វគ្គពិភាក្សានីមួយៗ ត្រូវបានរៀបចំឡើងដោយផ្តោតលើបញ្ហាសំខាន់ៗ អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាទិភាពនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសក្កានុពលក្នុងការដកស្រង់បទពិសោធ ដើម្បីធ្វើឱ្យមានការរីកចម្រើនតាមគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ កិច្ចពិភាក្សាជានីមួយៗ មានគោលបំណងផ្តល់នូវការយល់ដឹងជាក់ស្តែង ជំរុញឱ្យមានកិច្ចសន្ទនាស៊ីជម្រៅ និងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីទិដ្ឋភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ