ខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ គណៈអភិបាលខេត្ត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ឆ្នាំ២០២៣នេះ មានទូកដាក់ពាក្យចូលរួមប្រកួតចំនួន ៣២ទូក មានទូកនារី ០៣ទូក ដែលមានចំណុះ ២២នាក់ ហើយមានកីឡាករ កីឡាការី សរុប ៨២១នាក់ នារី ៨៩នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ។ ក្នុងពិធីនេះ ក៏មានការប្រកួតប្រណាំង ក្រឡោ ដែលមានក្រុមកីឡាករ ជាកុមារា កុមារី ចូលរួមផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ប្រាក់ សោភ័ណ បានឲ្យដឹងថា ក្នុងរយៈពេល ៤ថ្ងៃនៃព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ រដ្ឋបាលខេត្តសៀមរាប មានរៀបចំការប្រគុំដន្ត្រី ល្បែងរបាំប្រពៃណី និង ការតាំងពិព័រណ៍ ភូមិមួយផលិតផលមួយរបស់ខេត្ត ការជិះទូកទស្សនាកម្សាន្តនាពេលរាត្រីតាមដងស្ទឹងសៀមរាប ដើម្បីជាការទាក់ទាញអារម្មណ៍មហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យកាន់តែបានយល់ដឹងអំពីប្រវត្តិសាស្ត្រ នៃទឹកដីខេត្តសៀមរាបអង្គរ ផងដែរ ៕
ដោយ ស៊ាន សុផាត







