ទីភ្នាក់ងារ អ.ស.ប ជំរុញឱ្យប៉ាគីស្ថានបញ្ឈប់ការបណ្តេញជនជាតិអាហ្វហ្គានីស្ថានក្នុងរដូវរងា
ភ្នំពេញ៖ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីថ្ងៃពុធ បានជំរុញឱ្យប៉ាគីស្ថានបញ្ឈប់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលគ្មានឯកសារច្បាប់ត្រឹមត្រូវ ក្នុងអំឡុងរដូវរងានេះ ខណៈប៉ូលិសប៉ាគីស្ថានបានបន្តឆែកឆេរតាមផ្ទះ ហើយបណ្តេញជនជាតិអាហ្វហ្គានីស្ថានដែលមិនទាន់បានចាកចេញ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យប្រចាំតំបន់របស់ UNHCR លោក Babar Baloch បាននិយាយក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រយ៉ាងដូច្នេះថា៖ «UNHCR កំពុងអំពាវនាវឱ្យរដ្ឋាភិបាលប៉ាគីស្ថាន បញ្ឈប់ការបញ្ជូនត្រឡប់ទ្រង់ទ្រាយធំក្នុងរដូវរងាដ៏អាក្រក់នេះ ពីព្រោះថា ភាពត្រជាក់នៅអាហ្វហ្គានីស្ថានពិតជាមានគ្រោះថ្នាក់ ហើយវាអាចឆក់យកជីវិតមនុស្ស»។
លោកបន្តថា៖ «យើងកំពុងនិយាយអំពីស្ត្រី កុមារ និងបុរសដែលកំពុងធ្វើដំណើរយ៉ាងត្រដាបត្រដួស ចេញពីប៉ាគីស្ថានទ្រង់ទ្រាយធំ»។
កាលពីខែមុន ប៉ាគីស្ថានបានប្រកាសថា ខ្លួននឹងបណ្តេញជនភៀសខ្លួនដែលគ្មានឯកសារច្បាប់ត្រឹមត្រូវជាងមួយលាននាក់ ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ចំពេលក្រុងអ៊ិស្លាម៉ាបាដ ចោទប្រកាន់ថា ប្រទេសអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយតាលីបង់ ផ្ដល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងប៉ាគីស្ថាន។
ក្រោមចំណាត់ការនេះ ប្រជាជនអាហ្វហ្គានីស្ថានជាង ៣៧០ ០០០ នាក់បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី ០១ ខែតុលា មក។
កន្លងមក UNHCR និយាយថា ការវិលត្រឡប់របស់ជនជាតិអាហ្វហ្គានីស្ថានគួរតែធ្វើឡើងដោយស្ម័គ្រចិត្តហើយប៉ាគីស្ថាន គួរតែកំណត់អត្តសញ្ញាណបុគ្គលដែលងាយរងគ្រោះត្រូវការការពារពីអន្តរជាតិ។
គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាផ្ទះសម្រាប់ជនចំណាកស្រុក និងជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤ លាននាក់ ហើយប្រហែល ១,៧ លាននាក់គ្មានឯកសារត្រឹមត្រូវ។ អ្នកទាំងនោះជាច្រើនបានភៀសខ្លួនទៅប៉ាគីស្ថានក្រោយការវិលត្រឡប់មកកាន់អំណាចរបស់ពួកតាលីបង់ក្នុងខែសីហាឆ្នាំ ២០២១ ខណៈមួយចំនួនធំនៅក្នុងប្រទេសប៉ាគីស្ថានតាំងពីសូវៀតឈ្លានពានអាហ្វហ្គានីស្ថានក្នុងឆ្នាំ ១៩៧៩ មក។
បើតាមការរាយការណ៍របស់រ៉យទ័រ ប៉ូលិសប៉ាគីស្ថានកំពុងដើរឆែកឆេរពីផ្ទះមួយទៅផ្ទះមួយក្នុងតំបន់ដែលជនភៀសខ្លួនតាំងទីលំនៅ ដើម្បីស្វែងរកអ្នកដែលមិនទាន់ចាកចេញដោយស្ម័គ្រចិត្ត រួមទាំងនៅក្រុងការ៉ាឈី ដែលមានជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់សែននាក់រស់នៅ។ អ្នកដែលនៅសេសសល់អាចនឹងត្រូវបណ្តេញចេញដោយបង្ខំ៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ UN agency urges Pakistan to halt expelling Afghans during winter