កម្ពុជា ធានាថា ការបញ្ចប់ជំងឺអេដស៍មិនឱ្យក្លាយជាការគំរាមកំហែង សុខភាព សាធារណៈ នាឆ្នាំ២០២៨ខាងមុខ នឹងក្លាយជាពិត

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរំឭកថា នៅចន្លោះឆ្នាំ២០១១ ដល់ ២០១៧ កម្ពុជា បានទទួលពានរង្វាន់អង្គការសហប្រជាជាតិចំនួន២ ហើយត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង១០ នៅលើពិភពលោក ដែលសម្រេចបាននូវគោលដៅជាសកលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឯកឧត្តម បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរួមរបស់យើង និងឆ្នាំខាងមុខ នឹងធ្វើឱ្យបេសកកម្មរបស់ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨) អាចធ្វើទៅបានពិតប្រាកដ ខណៈក្នុងរយៈពេល៥ឆ្នាំខាងមុខ កម្ពុជា នឹងអាចធានាថា ការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យមានការសម្របសម្រួលយ៉ាងល្អ មានបរិយាបន្ន មានសហគមន៍ដែលម្ចាស់ការ មានការអនុវត្តអភិក្រមដែលយកប្រជាជនជាធំ មានភាពធន់ និងធានាបានចីរភាព ក្នុងការបញ្ចប់ជំងឺអេដស៍មិនឱ្យក្លាយជាការគំរាមកំហែងសុខភាពសាធារណៈ នាឆ្នាំ២០២៨ខាងមុខនេះ បានក្លាយទៅជាពិតជាក់ស្តែង ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងដូច្នេះក្នុងសិក្ខាសាលាជាតិស្តីពីការផ្តល់សុពលភាពលើផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨) នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល UN AIDS, USAID, អង្គការសង្គមស៊ីវិល, ប្រជាជនគន្លឹះ យុវវ័យ និងអ្នករស់នៅជាមួយមេរោគអេដស៍ ។

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ អង្គការ UN AIDS និងទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចំពោះការគាំទ្រប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគអេដស៍ និងការពង្រឹងសមត្ថភាពមូលដ្ឋាន ដើម្បីជំរុញការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។ ឯកឧត្តម ក៏បានថ្លែងអំណរគុណភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងរយៈពេលបីទសវត្សកន្លងមកផងដែរ ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសង្កត់ធ្ងន់ថា ការបញ្ចប់ជំងឺអេដស៍ តម្រូវឱ្យយើងទាំងអស់គ្នា កសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលាក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយនឹងផែនការយុទ្ធសាស្រ្តជាតិ លើកទី៦ ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្ឃឹមថា អ្នកចូលរួមទាំងអស់ លើកទឹកចិត្តឱ្យសហការីធ្វើការជាមួយសហគមន៍ ពិសេសយុវវ័យ៖ ១-ក្នុងការបិទគម្លាតនៃគោលដៅ៩៥ ដំបូង, ២-រក្សាបាននូវផលចំណេញនៃការព្យាបាលដោយផ្តោតលើសមធម៌ និង៣-ជំរុញឱ្យមានចីរភាព និងភាពជាម្ចាស់ ក្នុងការឆ្លើយនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ដោយឈរលើគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងចីរភាពនៃការឆ្លើយតបនៅឆ្នាំ២០២៣-២០២៨ យើងគួរតែចាប់ផ្តើមពង្រីកវិសាលភាពនៃកម្មវិធីនានា ស្វែងយល់ស៊ីជម្រៅអំពីវិធីសាស្រ្តអន្តរាគមន៍ថ្មីៗ និងរៀបចំសកម្មភាពផ្លាស់ប្តូរ ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner