កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយបណ្តាប្រទេសខាងត្បូងដើម្បីពង្រឹងបន្ថែមតួនាទីដ៏សំខាន់របស់បណ្តាប្រទេសខាងត្បូង ក្នុងការធានាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ លោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសខាងត្បូង ដើម្បីពង្រឹងបន្ថែមតួនាទីដ៏សំខាន់របស់បណ្តាប្រទេសខាងត្បូង ក្នុងការធានាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការប្តេជ្ញានេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលលើកទី២ នៃសំឡេងបណ្ដាប្រទេសខាងត្បូង ក្រោមប្រធានបទ “ឥណ្ឌា និងបណ្តាប្រទេសខាងត្បូង៖ ការងើបឡើងជាមួយគ្នា ដើម្បីអនាគតដ៏ប្រសើរ” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមប្រព័ន្ធនិម្មិត។

លោកជំទាវ បានគូសបញ្ជាក់ថា តាមរយៈការធ្វើការរួមគ្នា បណ្តាប្រទេសខាងត្បូងអាចបំពេញបន្ថែម និងរួបរួមកម្លាំងនៃឧត្តមានុវត្តន៍ ដើម្បីប្រយោជន៍ទៅវិញទៅមក និងដោះស្រាយបញ្ហាប្រឈមរួមគ្នា។ ការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្មអន្ដរជាតិ ការលើកកម្ពស់ការកសាង សមត្ថភាព ការពន្លឿនសេដ្ឋកិច្ចឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចសង្គមថ្មីៗ មានសារៈសំខាន់សម្រាប់ការពង្រឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់របស់ច្រវាក់តម្លៃក្នុងតំបន់ និងសាកល។

លោកជំទាវ យិនទៀង ពុទ្ធិរស្មី បានគូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែក សន្តិសុខ និងភូមិសាស្ត្រនយោបាយដែលបណ្ដាប្រទេសខាងត្បូងកំពុងជួបប្រទះ។ លោកជំទាវ បានលេចពីភាពចាំបាច់នៃការរួបរួមគ្នារបស់បណ្តាប្រទេសខាងត្បូងក្នុងការថ្កោលទោសចំពោះការជ្រៀតជ្រែកពីខាងក្រៅ និងការរំលោភលើអធិបតេយ្យភាពរបស់រដ្ឋនីមួយ។ ដោយសាមគ្គីភាពគ្នា បណ្ដាប្រទេសខាងត្បូង មានកម្លាំងក្នុងការជំរុញការលើកកម្ពស់ និងការច្របាច់បញ្ចូលសន្តិភាពសកល តាមរយៈការគោរពគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សូមជម្រាបថា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលលើកទី២ នៃសំឡេងបណ្ដាប្រទេសខាងត្បូង ក្រោមប្រធានបទ “ឥណ្ឌា និងបណ្តាប្រទេសខាងត្បូង៖ ការងើបឡើងជាមួយគ្នា ដើម្បីអនាគតដ៏ ប្រសើរ” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមប្រព័ន្ធនិម្មិត។

កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលឯកឧត្តម បណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ជាប្រធានកិច្ចប្រជុំរដ្ឋមន្តី្រការបរទេសនេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចំនួន១៦ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាហ្វ្រិក។

ក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសដែលបានចូលរួម បានបញ្ចេញទស្សនៈរបស់ខ្លួនពាក់ព័ន្ធ ភាពចាំបាច់នៃការកែទម្រង់ស្ថាប័នសាកលពហុភាគី ដើម្បីឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ការបង្កើតទម្រង់ថ្មីមួយនៃសុខុមាលភាពសង្គមសម្រាប់សតវត្សទី២១ និងភាពចាំបាច់នៃការពង្រីកកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ ដើម្បីធានាថា ប្រទេសកំពុងអភិវឌ្ឍន៍អាចធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner