លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងជាធាតុចូល ដល់រាជរដ្ឋាភិបាល ក្នុងការ រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីឆ្ពោះទៅសម្រេច ចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទ្បើងថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ, ការពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។

សម្ដេចធិបតី បានលើកឡើងថា ការគិតគូរទៅអនាគត ចាំបាច់ត្រូវឈរលើមូលដ្ឋានគ្រប់គ្រាន់នៃសមិទ្ធផលដែលសម្រេចបានទាំងក្នុងពេលអតីតកាល និងបច្ចុប្បន្នកាល ។ ក្នុងន័យនេះ រយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជា សម្រេចនឹងរក្សាបាននូវសុខសន្តិភាពពេញលេញ, ធានាអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

សូមបញ្ជាក់ផងដែរថា សន្និសីទប្រចាំឆ្នាំរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំទ្បើងចំនួន ១៥លើក គិតចាប់តាំងពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០២៣ ដោយមានកិច្ចសហការជាមួយស្ថាប័នអន្តរជាតិនានា ហើយកន្លងមកតែងតែទទួលបានការគាំទ្រ និងការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ យ៉ាងណាម៉ិញ ដូចគ្នានឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «ស្ថាប័នស្រាវជ្រាវ» បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និង ទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង និងភាពបត់បែនទៅតាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner