សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ម្តាយក្មេកសម្តេច ទៀ បាញ់

(កោះកុង)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ មហាឧបាសិកា យិប ថាំកេសន បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំបំផុតនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ដោយសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយទទួលដំណឹងថា ឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងជាម្តាយបង្កើតរបស់លោកជំទាវ បានទទួលមរណភាព ថ្ងៃ ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចតេជោ និងភរិយា ក៏សូមសម្ដែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមក ក្នុងឆាកជីវិតរបស់ឧបាសិកា យិប ថាំកេសន បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយអត្តចរិតល្អ សីលធម៌ គុណធម៌ និងភាពជាអ្នកដឹកនាំសម្រាប់សង្គមជាតិ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា យិបចាំកសន សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចារលើសៀវភៅមរណទុក្ខជាមួយក្រុមគ្រួសារ នៃសពមហាឧបាសិកា យិប ថាំកេសន ក្នុងខ្លឹមសារជាអាទិ៍ថា យើងខ្ញុំសូមជូនដំណើរអ្នកមីងជាលើកចុងក្រោយ ត្រឹមពេលនេះ។ ដោយការគោរពស្រឡាញ់ពីក្មួយៗ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម សេង ទៀង ក៏បានចូលរួមថវិកាជាបច្ច័យចំនួន ២០លានរៀល ដើម្បីចូលរួមក្នុងពិធីបុណ្យសពមហាឧបាសិកា យិប ថាំកេសន ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner