អង្គការ GAVI នឹងបញ្ចូលវ៉ាក់សាំងថ្មីៗបន្ថែមទៀត ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅកម្ពុជា
ភ្នំពេញ៖តាមរយៈជំនួបរវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រធានអង្គការ GAVI ភាគីទាំងពីរបានពិភាក្សាគ្នាលើការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ ខណៈអង្គការនេះ នឹងបញ្ចូលវ៉ាក់សាំងថ្មីៗបន្ថែមទៀត ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅកម្ពុជា។
កិច្ចពិភាក្សានេះ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣រវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក
ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ អង្គការ GAVI ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងដល់កម្ពុជា លើការងារ និងសកម្មភាពផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាល។

បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រៅពីការផ្ដល់វ៉ាក់សាំងថ្មីបន្ថែមហើយ កន្លងមកអង្គការ GAVI បានសហការយ៉ាងជិតស្និទ្ធ ជាប្រចាំជាមួយក្រសួង តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេស ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ដោយបានជួយគាំទ្រក្នុងការរៀបចំ និងអនុវត្តផែនការមេនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ លោកបន្ថែមថា ជាពិសេសបានជួយក្រសួងក្នុងការស្វែងរកវ៉ាក់សាំងកូវីដ១៩ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់បរិក្ខារប្រព័ន្ធត្រជាក់មួយចំនួន ដែលសំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម និងសេដ្ឋកិច្ច ដែលជាគោលដៅប្រកបដោយមហិច្ឆិតារបស់រាជរដ្ឋាភិបាលកម្ពុជា ឈានទៅពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ។
ចំណែក លោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០១មក អង្គការ GAVI បាននិងកំពុង បន្តការគាំទ្រដល់កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល តាមរយៈគម្រោងសំខាន់ៗដូចជា គម្រោងពង្រឹងប្រព័ន្ធចាក់ថ្នាំបង្ការ ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៩ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី១ ពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១៤។ គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី២ ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០២២ និង គម្រោងពង្រឹងការងារផ្តល់ថ្នាំបង្ការមានលក្ខណៈចម្រុះ ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧ ដោយបានបន្តគាំទ្រគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ជំហានទី៣។
ទាក់ទងរឿងការបន្តផ្ដល់វ៉ាក់សាំងថ្មីបន្ថែមនេះ លោក យង់ គិមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឱ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកាថា ជារឿងល្អប្រសើរដែលអង្គការ GAVI បានបន្តគាំទ្រក្រសួងសុខាភិបាល លើការងារផ្ដល់វ៉ាកសាំងថ្មីបន្ថែមទៀតនេះ ដើម្បីជួយបង្ការពីជំងឺផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជា។ លោកបន្តថា ទន្ទឹមនេះដែរ អង្គការ GAVI ក៏ជាដៃគូសហការជាមួយក្រសួងយូរមកហើយ ជាពិសេសជួយគាំទ្រក្រសួង ក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសផងដែរ៕

ដោយ៖ ជា សុខនី