ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ស្នើដល់ក្រុមហ៊ុនជប៉ុន សិក្សាបង្កើត កិច្ច សហការជាមួយសាកលវិទ្យាល័យនៅកម្ពុជា លើការបណ្តុះ បណ្តាល ជំនាញបច្ចេកវិទ្យាឌីជីថល
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានស្នើដល់ក្រុមហ៊ុនជប៉ុនផ្នែកបច្ចេកវិទ្យា ឱ្យសិក្សាបង្កើតកិច្ចសហការជាមួយសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ឬក្រុមហ៊ុនអាចបើកសាលាបណ្តុះបណ្តាលខ្លួនឯង ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងគាំទ្រ ដើម្បីអាចមានលទ្ធភាពទទួលបានជំនាញខ្ពស់ អាចធ្វើការនៅប្រទេសជប៉ុន និងចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតិឱ្យ ឯកឧត្តម Takahashi Fumiaki និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិ និងការងារអាទិភាពរបស់ក្រសួង ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់សមាគម ជួយជំរុញនិងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជា។
ឯកឧត្តម Takahashi Fumiaki បានបញ្ជាក់ ពីឯកទេសពិសេសរបស់ក្រុមហ៊ុនជប៉ុនពាក់ព័ន្ធនឹងការផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ដែលក្នុងនោះមានសមាជិករបស់សមាគមដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីផ្តល់ព័ត៌មានតំបន់ ដើម្បីជំរុញកំណើនទេសចរណ៍ និងទាក់ទាញការវិនិយោគ ព្រមទាំងក្រុមហ៊ុនដែលមានបច្ចេកវិទ្យាថ្មី សាងសង់ផ្លូវថ្នល់ដោយប្រើដីលាយបេតុង កាត់បន្ថយចំណាយប្រហែល ៦០% បើធៀបនឹងផ្លូវបេតុងសុទ្ធ ។

គណៈប្រតិភូជប៉ុន ក៏បានបញ្ជាក់បន្ថែមថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជានៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសមាជិកនៅប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ និងគាំទ្រចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា និងបានបង្ហាញនូវចំណាប់អារម្មណ៍លើការសាងសង់ផ្លូវដោយបច្ចេកវិទ្យាថ្មី និងចុះពិនិត្យការសាងសង់ផ្លូវគំរូនៅខេត្តតាកែវ ដែលបាននិងកំពុងសាងសង់ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕



អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា