កម្ពុជា-គុយបា នឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី
(ភ្នំពេញ)៖ កម្ពុជា និងគុយបា នឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ។ នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកជំទាវចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្នុងអំឡុងនៃកិច្ចសន្ទនា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានរំលឹកពីសារៈសំខាន់នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទៅវិញទៅមកនៅប្រទេសគុយបា និងកម្ពុជា ដែលជាដាក់ចេញនូវទិសដៅដ៏ប្រសើរសម្រាប់ការពង្រឹង និងពង្រីកនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ក្នុងវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា ។
ដោយបានរំលឹកអំពីប្រវត្តិសាស្ត្រពីអតីតកាលរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាប្រចាំដែលគុយបាជួយកម្ពុជាក្នុងគ្រាលំបាក ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដោយ ចាត់ទុកកម្ពុជាជាមិត្តដ៏ល្អរបស់គុយបា លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមជាមួយគុយបា និងសហគមន៍អន្តរជាតិ ក្នុងការអំពាវនាវឱ្យមានការលុបចោលនូវការដាក់ទណ្ឌកម្មបរទេសមកលើគុយបា ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត បានមានទស្សនៈដូចគ្នាថា ចាំបាច់ត្រូវធ្វើការ បន្ថែមទៀត ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំ ពិគ្រោះ យោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងធ្វើនៅឆ្នាំ២០២៤ ៕
ដោយ ៖ សួង ពិសិដ្ឋ , ស៊ូ វណ្ណលុក