ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបង្កើតក្រុមមេធាវីរាជរដ្ឋាភិបាល
ភ្នំពេញ៖ ព្រះករុណាព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យ បង្កើតក្រុមមេធាវីរាជរដ្ឋាភិបាល ដែលសរសេរជាអក្សរកាត់ថា ក.ម.រ ដែលជាអង្គភាពអមទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីជួយដល់កិច្ចការច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
យោងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមមេធាវីរាជរដ្ឋាភិបាលចុះថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមមេធាវីរាជរដ្ឋាភិបាល មានប្រធានមួយរូប សមាជិកមួយចំនួនតាមការចាំបាច់ និងអាចជួលទីប្រឹក្សាតាមការចាំបាច់ដែលក្រុមមេធាវីនេះនឹងត្រូវប្រើថវិកាជាតិ ។
ព្រះរាជក្រឹត្យបញ្ជាក់ថា៖« ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលនេះក៏មានដែរតួនាទីនិងភារកិច្ចជាតំណាងស្របច្បាប់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជូនថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នចំណុះមុខយុត្តាធិការជាតិ អន្តរជាតិ ។ ចូលរួមអនុវត្តគោលនយោបាយជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា» ។
ក.ម.រក៏ទទួលពិនិត្យលើកសំណើរនិងផ្តល់យោបល់ពាក់ព័ន្ធនិងផលប្រយោជន៍របស់រាជរដ្ឋាភិបាល ជូននាយករដ្ឋមន្រ្តី និងចូលរួមពិនិត្យនិងផ្តល់យោបល់លើកិច្ចសន្យារដ្ឋបាលនិងកិច្ចព្រមព្រៀងផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងសហគ្រាសសាធារណៈ ។
ក្រុមមេធាវីរាជរដ្ឋាភិបាល អាចធ្វើរបាយការណ៍ប្រចាំឆ្នាំអំពីអំពើរសកម្មភាពការងាររបស់ ក.ម.រ ជូននាយករដ្ឋមន្រ្តី និងទទួលអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្រ្តីផងដែរ ។
បើតាមព្រះរាជក្រឹត្យដដែលសមាសភាពរបស់ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលនេះត្រូវមានប្រធានមួយរូប និងមានសមាជិកមួយចំនួនតាមការចាំបាច់ ដែលសមាសភាពក្រុមមេធាវីរាជរដ្ឋាភិបាលត្រូវតែងតាំងនិងបញ្ចប់មុខតំណែងដោយព្រះរាជក្រឹត្យ តាមសំណើររបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើរសុំរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ផងដែរ ។
ដោយឡែកមេធាវីដែលអាចត្រូវបានជ្រើសតាំងឱ្យបំពេញមុខងារជាប្រធាននិងជាសមាជិក ក.ម.រ នេះត្រូវមានលក្ខណៈសម្បត្តិដូចជា ប្រធាន ក.ម.រ ត្រូវតែជាមេធាវីពេញសិទ្ធិ ដែលបានប្រកបវិជ្ជាជីវៈ យ៉ាងតិច១០ឆ្នាំ ហើយសមាជិកវិញត្រូវតែជាមេធាវីពេញសិទ្ធិដូចគ្នា ដែលបានប្រកបវិជ្ជាជីវៈយ៉ាងតិច៥ឆ្នាំ ។ សមាភាពទាំងអស់ត្រូវមានសមត្ថភាព ចំណេះដឹងទូលំទូលាយ និងបទពិសោធន៍ការងារ ព្រមទាំងមានសិលធម៌ល្អ ។
ក.ម.រ មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិ ដែលជាកញ្ចប់ថវិកាដោយឡែក នៅក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់ថា ក្រុមមេធាវីរាជរដ្ឋាភិបាលខាងលើនេះ មិនត្រឹមតែការពារផ្នែកច្បាប់ជូនថ្នាក់ដឹកនាំជាតិទេ ក៏ការពារសិទ្ធិជូនពលរដ្ឋក្រីក្រផងដែរ។ លោកបន្តថា នេះគឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះក្នុងការបន្តផ្តល់សេវាកម្មមេធាវីដោយឥតបង់ថ្លៃរបស់របស់រាជរដ្ឋាភិបាលជូនពលរដ្ឋក្រីក្រីដែលគ្មានលទ្ធភាពជួលមេធាវីការពាររឿងក្តីក្តាំងរបស់ពួកគេ ។លោកបន្តថា៖ «ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យបង្កើតគណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារ ហើយលើកពីនេះនៅមានការបង្កើតក្រុមមេធាវីរាជរដ្ឋាភិបាលទៀត ដែលទាំងនេះសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជូនបងប្អូនពលរដ្ឋក្នុង និងថ្នាក់ដឹកនាំតាមផ្លូវច្បាប់ » ។
ឯកឧត្តមបន្ថែមថា ចំណែកគណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការវិញ គឺជាយន្តការដោះស្រាយរឿងក្តីជូនពលរដ្ឋដោយមិនចាំបាច់ទៅតុលាការ។រីឯក្រុមមេធាវីរាជរដ្ឋាភិបាលក៏ផ្តល់ជូនសេវាការពាររឿងក្តីដោយមិនបង់ថ្លៃ ។ លោកថ្លែងថា ទាំងនេះពុំមែនជាការខ្ជះខ្ជាយថវិកាជាតិនោះទេ តែដើម្បីបម្រើពលរដ្ឋដូចអ្វីដែលសម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិថ្មី គឺបន្តអ្វីដែលមានពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយក្រុមមេធាវីនេះមានតាំងតែពីជំនាន់សម្តេចតេជោ»៕ ដោយ៖ វង្សដារាវ៉ាឌី





