គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងចុះធ្វើការអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងចុះធ្វើការអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» ទៅដល់ប្រជាពលរដ្ឋទូទាំង ២៥រាជធានី-ខេត្ត ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកាថា គោលដៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ អាជ្ញាធរមូលដ្ឋាន រួមទាំងសិស្ស-និស្សិត និងគរុសិស្សផងដែរ។ការផ្សព្វផ្សាយនេះ មិនមែនធ្វើឡើងតែរាជធានីភ្នំពេញនោះទេ គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំឡើងសម្រាប់នៅទូទាំង ២៥រាជធានី-ខេត្តរបស់កម្ពុជា។

លោកបានឱ្យដឹងទៀតថា ទោះបីជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនមានផែនការកំណត់ចំនួនប្រជាពលរដ្ឋប៉ុន្មានក្នុងមួយឆ្នាំៗដែលត្រូវទទួលបានការអប់រំផ្សព្វផ្សាយនេះក៏ដោយ ប៉ុន្តែនៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយម្ដងៗមានពលរដ្ឋចូលរួមយ៉ាងហោចណាស់ពី ៦០នាក់ឡើងទៅផងដែរ។ ចំណែកការរៀបចំសម្រាប់សិស្សានុសិស្សវិញ អាចមានអ្នកចូលរួមច្រើនចាប់ពី ១០០នាក់ឡើង។

លោកបន្ថែមថា នៅក្នុងការអប់រំផ្សព្វផ្សាយនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកយកច្បាប់ជាតិ សន្ធិសញ្ញា និងកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស មកបកស្រាយណែនាំទៅដល់ប្រជាពលរដ្ឋទៅតាមគោលដៅ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំក្រុមការងាររបស់ខ្លួន ចុះធ្វើការអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» ទៅដល់តំណាងប្រជាពលរដ្ឋ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ដោយ៖ ជា សុខនី
