នាយករដ្ឋមន្ត្រីថៃថា សេដ្ឋកិច្ចថៃកំពុងស្ថិតនៅក្នុងវិបត្តិ និងត្រូវការដាក់ចេញគោលនយោបាយដើម្បីជួយ
ថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតនៅក្នុងវិបត្តិ ហើយលោកក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្តគោលនយោបាយ «កាបូបឌីជីថល» ដែលជាផែនការចែកថវិកាដ៏ចម្រូងចម្រាសទៅកាន់ពលរដ្ឋចំនួនប្រមាណ ១៤,២៣ ប៊ីលានដុល្លារអាមេរិក។
ថ្លែងក្នុងវេទិកាមួយ លោក ស្រេតថា បាននិយាយថា សេដ្ឋកិច្ចប្រទេសថៃមិនស្ថិតក្នុងស្ថានភាពល្អប៉ុន្មាននោះទេ។ ជាក់ស្ដែង វិនិយោគិនបរទេសមករកស៊ីនៅប្រទេសថៃតិចជាងគោលដៅរំពឹងទុក ដូច្នេះលោកនឹងផ្តល់អាទិភាពទៅលើការទាក់ទាញការវិនិយោគពីបរទេស និងដោះស្រាយបញ្ហាបំណុលក្នុងស្រុកដែលពលរដ្ឋថៃកំពុងជួបប្រទះ។
លោក ស្រេតថា ដែលជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បានថ្លែងថា «យើងត្រូវមានគោលនយោបាយជំរុញសេដ្ឋកិច្ចដ៏ធំមួយ បន្ថែមទៅលើផែនការដោះស្រាយបំណុលដែលអាចនឹងត្រូវប្រកាសនៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ»។
ការលើកឡើងរបស់លោក បានធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីទិន្នន័យពីទីភ្នាក់ងាររៀបចំផែនការរដ្ឋបានបង្ហាញថា កំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុក ពោលគឺ ១,៥ភាគរយ នៅក្នុងត្រីមាស ខែកក្កដា ដល់ ខែកញ្ញា ធៀបនឹងឆ្នាំមុន ហើយក៏ជាត្រីមាសដែលមានកំណើនយឺតបំផុតនៅឆ្នាំនេះ។ ការណ៍នេះ ត្រូវបានគេសន្មតថាបណ្ដាលមកពីកត្តាធ្លាក់ចុះការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។
ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ប្រទេសថៃមានភ្ញៀវទេសចរបរទេសប្រមាណ ២៣,៨៥ លាននាក់ ដោយពួកគេបានចំណាយប្រាក់ដើរលេងកម្សាន្តនៅក្នុងប្រទេសថៃប្រមាណជាជាង ២៨,៣ ប៊ីលានដុល្លារអាមេរិក។ គួរបញ្ជាក់ថា ថៃកំពុងកំណត់គោលដៅទាក់ទាញឱ្យបានភ្ញៀវទេសចរចំនួន ២៨ លាននាក់ ធៀបនឹងជិត ៤០ លាននាក់ក្នុងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ១៩ ដែលកាលនោះ ភ្ញៀវទេសចរបានចំណាយប្រាក់ប្រមាណជាជាង ៥៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។
គោលនយោបាយ «កាបូបឌីជីថល» របស់លោក ស្រេតថា ដែលចង់ផ្តល់ប្រាក់ចំនួនមួយម៉ឺនបាត ស្នើនឹងប្រមាណជា ២៨០ ដុល្លារ ដល់ប្រជាជនថៃចំនួន ៥០ លាននាក់នៅឆ្នាំក្រោយ ក្នុងគោលបំណងជួយសម្រាលចំណាយចាំបាច់របស់ពួកគេ បានទទួលរងការរិះគន់ខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយអ្នកសេដ្ឋកិច្ច និងអតីតមន្ត្រីជំនាញនៅធនាគារកណ្តាល បានលើកឡើងពីហានិភ័យដែលអាចកើតមានពីការរំលោភលើវិន័យហិរញ្ញវត្ថុនេះ។
នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលបានប្រកាសថាសេដ្ឋកិច្ចថៃកំពុងស្ថិតនៅក្នុងវិបត្តិ ដោយចាំបាច់ត្រូវមានផែនការចាំបាច់ណាមួយ។ ដោយឡែក លោក ស្រេតថា ដែលជាមហាសេដ្ឋីអចលនទ្រព្យ និងជាអ្នកចំណូលថ្មីក្នុងវិស័យនយោបាយ កំពុងកំណត់គោលដៅថា នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចថៃកើនឡើងជាមធ្យម ៥ភាគរយ ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដើម្បីបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រទេសថៃដែលមានទំហំសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍ និងដែលជាមធ្យម សេដ្ឋកិច្ចថៃបានកើនឡើងត្រឹមតែ ១,៩ភាគរយ ប៉ុណ្ណោះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ថ្លែងនៅក្នុងវេទិកាដដែលនេះ ទេសាភិបាលធនាគារកណ្តាលថៃ លោក សេថាភុត ស៊ូធីវ៉ាតណារូភុត (Sethaput Suthiwartnaruput) បាននិយាយថា គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុរបស់ប្រទេសថៃ គឺត្រូវការពេលវេលាខ្លះ ដើម្បីធានាថាសេដ្ឋកិច្ចនៅតែមានភាពធន់នៅពេលដែលប្រទេសកំពុងរីកចម្រើន។
លោកបានមានប្រសាសន៍ថា «ធាតុផ្សំនៃភាពធន់ទាំងនោះរួមមាន ស្ថិរភាព តារាងតុល្យការដ៏រឹងមាំ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ រួមទាំងកត្តាផ្សេងៗទៀត»។ នៅក្នុងខែកញ្ញា ធនាគារកណ្តាលថៃបានដំឡើងអត្រាការប្រាក់ដល់ ២,៥% ដែលជាភាគរយខ្ពស់បំផុតមួយក្នុងរយៈពេលដប់ឆ្នាំមកនេះ និងបានអះអាងថាកំណើនសេដ្ឋកិច្ច និងអតិផរណានឹងកើនឡើងនៅឆ្នាំក្រោយ ហើយថាខ្លួននឹងពិនិត្យមើលគោលនយោបាយបន្ទាប់ទៀតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ប្រែសម្រួល៖ ធា សុណា