ប្រធានភ្នាក់ងារប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី ជាប់ជាជនសង្ស័យក្នុងសំណុំរឿងពុករលួយ

ហ្សាការតា៖ ប៉ូលិសឥណ្ឌូណេស៊ី បានដាក់ឈ្មោះប្រធានគណៈកម្មាធិការលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី (KPK) គឺលោក Firli Bahuri ថាជាជនសង្ស័យក្នុងសំណុំរឿងពុករលួយ ដ៏ធំពាក់ព័ន្ធនឹងអតីតរដ្ឋមន្រ្តីក្រសួងកសិកម្មដែលចាប់ខ្លួនក្នុងសំណុំរឿងដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

មន្ត្រីប៉ូលិសក្រុងហ្សាកាតា លោក Ade Safri Simanjuntak បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃពុធ ទី ២២ វិច្ឆិកា ថា លោក Firli គឺជាជនសង្ស័យជំរិតទារប្រាក់ពី អតីតរដ្ឋមន្រ្តីក្រសួងកសិកម្មលោក Syahrul Yasin Limpo ត្រូវបានគេចាប់ខ្លួនកាលពីខែមុន បន្ទាប់ពីលោករងការចោទប្រកាន់ពីបទយកថវិកាសាធារណៈជាង ៨០០ ០០០ ដុល្លារអាមេរិក ដាក់ចូលក្នុងហោប៉ៅខ្លួនឯង។

លោក Ade អះអាងថា ប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ឈ្មោះប្រធាន KPK ថាជាជនសង្ស័យក្នុងសំណុំរឿងពុករលួយជំរិតទារប្រាក់ ។ លោកបន្តថា មន្ត្រីរដ្ឋរូបនេះបានជំរិតប្រាក់នៅក្រសួងកសិកម្មចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។

លោក Ade បានបន្ថែមថា អាជ្ញាធរបានរឹបអូសឯកសារប្រតិបត្តិការប្តូរប្រាក់ពីប្រទេសសិង្ហបុរី និងប្រាក់ដុល្លារអាមេរិក ដែលមានតម្លៃ ៧,៤ ប៊ីលានរូព្យ៉ាឥណ្ឌូណេស៊ី (៤៧៧ ៧៣០ ដុល្លារអាមេរិក) ពីការវាយឆ្មក់នៅទីតាំង២។

គួរគូសបញ្ជាក់ថា នេះជាលើកទី១ហើយដែលប្រធានស្ថាប័នប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ី រងការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលទីភ្នាក់ងារនេះខ្លួនឯងបង្កើតឡើងដើម្បីដោះស្រាយ។

លោក Firli ដែលជាអតិតអគ្គអធិការប៉ូលិសមិនបានប្រតិកម្មយ៉ាងណាភ្លាមៗទេ ហើយលោកក៏មិនទាន់ត្រូវបានចាប់ខ្លួនដែរ។ យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ លោកបាននិយាយថា លោកមិនដែលជំរិតអ្នកណាម្នាក់ទេ ហើយក៏មិនដែលជាប់ពាក់ព័ន្ធក្នុងការសូកប៉ាន់ជាមួយនរណាម្នាក់ដែរ។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ KPK ក៏មិនទាន់បានធ្វើការអត្ថាធិប្បាយយ៉ាងណាដែរ ជុំវិញការវិវត្តន៍ចុងក្រោយនេះ។ ចំណែកឯប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ វិញ បានថ្លែងពេលរងការសាកសួរពីករណីរបស់លោក Firli ថា ឱ្យគេគោរពទៅតាមដំណើរការនៃច្បាប់។

លោក Firli ឡើងជាប្រធាន KPK ក្នុងឆ្នាំ ២០១៩ ហើយស្របពេលជាមួយគ្នានេះដែរ អ្នករិះគន់បាននិយាយថា ការផ្លាស់ប្តូរច្បាប់គ្រប់គ្រងទីភ្នាក់ងារនេះបានចុះខ្សោយ ដែលបង្កឱ្យមានការតវ៉ាជាបន្តបន្ទាប់ឱ្យស្រោចស្រង់ KPK។

រាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០២ មក KPK បានកាត់ទោសអ្នកនយោបាយ មន្ត្រី និងអ្នកជំនួញរាប់រយនាក់ ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាភ្នាក់ងារមួយក្នុងចំណោមភ្នាក់ងារដែលគួរឱ្យគោរពបំផុតរបស់ប្រទេស៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner