រាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនឱ្យមានការពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចមិនឱ្យមានការពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ទៀតនោះទេ ដោយដាក់តំបន់ព្រៃឡង់ជាតំបន់ក្រហមនិងមិនឱ្យមានការចេញអាជ្ញាបណ្ណថ្មីក្នុងការរុករកធនធានរ៉ែ និងការពង្រីកផ្ទៃដីបន្ថែមទៀតឡើយ។

ការសម្រេចនេះត្រូវបានប្រកាសឱ្យដឹងតាមរយៈឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវេទិកាពិភាក្សាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងរ៉ែ និងថាមពល។

ឯកឧត្តម កែវ រតនៈ បានប្រកាសជូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានដឹងនាឱកាសនោះថា កាលពីថ្ងៃទី២ ខែវិច្ឆិកាឯកឧត្តមបានស្នើទៅសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សុំមិនពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៀតនោះទេ។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា ៖ «សម្តេចធិបតីផ្អែកទៅលើសំណើរបស់ក្រសួងចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣លោកបានឯកភាពនៅថ្ងៃទី២ ដដែលនោះដែរ ដែលនេះបញ្ជាក់ពីឆន្ទៈរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចសម្រេចចាត់ទុកតំបន់ព្រៃឡង់ជាតំបន់ក្រហម»។

ឯកឧត្តមបានបន្ថែមថា ៖ «សម្តេចបានសម្រេចដោយទី១ មិនចេញអាជ្ញាបណ្ណធនធានរ៉ែគ្រប់ប្រភេទបន្ថែមទៀតនោះទេ លើកលែងតែក្រុមហ៊ុនចំនួនពីរដែលមានគោលការណ៍ពីអាណត្តិមុនមករួចហើយ។ ទី២ ពិនិត្យលទ្ធភាពកាត់បន្ថយផ្ទៃដីដែលសិក្សារួច និងមិនមានសក្តានុពលសម្រាប់ធ្វើអាជីវកម្មធនធានរ៉ែ។ចំណែកទី៣ មិនអនុញ្ញាតឱ្យមានការពង្រីកផ្ទៃដីអាជ្ញាបណ្ណបន្ថែមទៀតសម្រាប់អាជ្ញាបណ្ណដែលមានស្រាប់»។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ទាំងនេះជាការសម្រេចរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តាមសំណើរបស់ក្រសួងរ៉ែ និងថាមពល ក្នុងរយៈពេល៩០ថ្ងៃ ដោយមិនឱ្យមានការរីកបន្ថែមទៀតនោះទេ។

នាវេទិកានោះដែរ រដ្ឋមន្រ្តីក្រសួងរ៉ែ ក៏បានលើកឡើងដែរថា នៅក្នុងតំបន់ព្រៃឡង់មានការសិក្សាច្រើនពីក្រុមហ៊ុនដែលមានអាជ្ញាបណ្ណចំនួន១៣ ដែលមានទាំងក្រុមហ៊ុនខ្មែរ ចិន ជប៉ុន ជាដើមចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ។

លោកបានបន្តថា ក្នុងចំណោមអាជ្ញាបណ្ណចំនួន១៣នោះ មានក្រុមហ៊ុនបីនៅខេត្តកំពង់ធំ ជាអាជ្ញាបណ្ណស្វែងរុករក ហើយនិងអាជ្ញាបណ្ណស្វែងរុករកមាសមួយផងដែរ។ ចំណែកនៅខេត្តក្រចេះមានអាជ្ញាបណ្ណចំនួនប្រាំពីរដែលជាក្រុមហ៊ុនសិក្សាស្រាវជ្រាវរុករកនៅឡើយទេ និងនៅខេត្តព្រះវិហារមានក្រុមហ៊ុនពីរកំពុងរុករកហើយនៅខេត្តស្ទឹងត្រែងមានក្រុមហ៊ុនមួយកំពុងរុករកផងដែរ។

លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានសាទរចំពោះការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងរ៉ែ និងថាមពលនេះ ដោយលោកបានប្រាប់ថា ក្នុងនាមជាអ្នកធ្វើការងារនៅក្នុងតំបន់ព្រៃឡង់មួយរូបពិតជាសម្តែងនូវការសប្បាយរីករាយចំពោះការសម្រេចដូចនេះ៕ ដោយ៖ នាង សុគន្ធា

ads banner