ទំនិញខុសច្បាប់ជិត ៦តោនបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ (Video Inside)

អាហារបំប៉នហួសសុពលភាព និងគ្រឿងសម្អាងនាំចូលគ្មានច្បាប់អនុញ្ញាតប្រមាណជិត ៦តោន ត្រូវបានបង្ក្រាបនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាហារបំប៉នហួសសុពលភាព ជាអាហារដែលបង្កគ្រោះថ្នាក់ដល់សុខភាព, ចំណែកការនាំគ្រឿងសម្អាងគ្មានច្បាប់ គឹជាអំពើរត់ពន្ធខុសច្បាប់ និងបង្កគ្រោះថ្នាក់ដល់សុខភាពថែមទៀត ដោយសារគ្មានការបញ្ជាក់ភាពត្រឹមត្រូវ អាចប្រើប្រាស់បានពីមន្ត្រីជំនាញសុខាភិបាល។ កម្ពុជាបានរងការខាតបង់ថវិកាច្រើនលានដុល្លារ ដោយសារតែអំពើខុសច្បាប់ទាំងនេះ។

ការបង្រ្កាបនេះ គឺបានធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅចំណុចផ្ទះលេខ BA11 និងBA12 ក្នុងសង្កាត់ចោមចៅ២។

សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងជាគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន ៤៨មុខ ទំងន់ ៥ពាន់ ៦៤១គីឡូក្រាម នៅក្នុងនោះមានចំនួន ២៩មុខ ដែលនាំចូលគ្មានច្បាប់។

សមត្ថកិច្ចបានសម្រេចបិទបណ្តោះអាសន្នទីតាំងនាំចូល និងបាននាំខ្លួនម្ចាស់ទីតាំង យកមកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕

ads banner