ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួនបី

ភ្នំពេញ៖ ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ទាំងមូលដោយឥតកែប្រែចំនួន៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងបីនេះ នៅក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៣រូប នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០៣ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានគិតគូររៀបចំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយតម្រង់ការប្រើប្រាស់ធនធានលើការបន្តប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ មិនឱ្យរាំងស្ទះ ជាពិសេសការស្តារ និងទ្រទ្រង់ជីវភាពប្រជាជន និងការស្តារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ ក៏ដូចជា ដើម្បីសម្រេចឱ្យខានតែបាននូវអាទិភាពគោលនយោបាយសំខាន់ៗជាសារវន្តនៃកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។ ថវិកាឆ្នាំ២០២២ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ដែលមានចែងក្នុងយុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ២០១៩-២០២៣ ទន្ទឹមនឹងការបន្តគោលនយោបាយ
បន្ធូរបន្ថយ និងអនុគ្រោះពន្ធ ដើម្បីទ្រទ្រង់ដំណើរការអាជីវកម្មដែលទទួលរងផលប៉ះពាល់ដោយសារ ការអូសបន្លាយនៃស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣ជំពូក ២២មាត្រា និងត្រូវបានរដ្ឋសភា នៃព្រះ-រាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០០សំឡេង​នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់ដល់ការថែរក្សានូវសមិទ្ធផលនានា ដែលសម្រេចបានមកដោយលំបាក ក៏ដូចជាការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវអនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា និងក្នុងឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស។ ថវិកានេះ ត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាននៃការអនុវត្ត «គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា» ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើមនុស្ស និងលើសមត្ថភាពស្ថាប័នគឺ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល លើប្រសិទ្ធភាព និងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ហើយអាចប្រសិទ្ធនាមបានថា «ជាថវិកាយុទ្ធសាស្រ្តនៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗក្នុងការបោះជំហានឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាព និងទ្រទ្រង់ ដំណើរវិវឌ្ឍន៍ទៅមុខឥតឈប់ឈររបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរ-ភាព ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៥ជំពូក ១៤មាត្រា និងត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៩៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០២រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។
កិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណងជាអាទិភាពជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ច ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ កិច្ចព្រមព្រៀងនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់សុខុមាលភាពប្រជាជន ជាពិសេសនឹងជំរុញការស្តារឡើងវិញបានឆាប់រហ័សនូវសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា និងត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៩៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឺទ្ធសភា

ads banner