កូឡុំប៊ីតាំងតុក្កតាជាង ២,០០០រូប ដើម្បីប្រឆាំងនឹងការបំពានផ្លូវភេទកុមារ
បូហ្គោតា៖ តុក្កតាជាង ២,០០០រូប ត្រូវបានដាក់ពង្រាយនៅទីលាន Plaza Bolivar ក្នុងទីក្រុងបូហ្គោតា ដើម្បីជាការតវ៉ាប្រឆាំងនឹងការរំលោភបំពានផ្លូវភេទលើកុមារ ដែលកំពុងកើនឡើងខ្ពស់នៅក្នុងប្រទេសកូឡុំប៊ី។
លោក Esteban Reyes អគ្គនាយកអង្គការភូមិកុមារ SOS ក្នុងប្រទេសកូឡុំប៊ី បាននិយាយថា ថ្ងៃនេះ ពួកយើងនៅទីលាន Plaza de Bolivar ដើម្បីបង្កើតយុទ្ធនាការមួយមានឈ្មោះ “ខ្ញុំជាសំឡេងរបស់ពួកគេ” ឬ “I am their voice” ក្នុងនោះ យើងបានដាក់តុក្កតាជាង ២,០០០រូបនៅទីនេះ តំណាងឱ្យតួលេខអំពើហិង្សាផ្លូវភេទលើកុមារ។
លោក Reyes បន្ថែមថា ក្នុងប្រទេសកូឡុំប៊ីកាលពីឆ្នាំមុន អំពើហិង្សាផ្លូវភេទលើអនីតិជនមានចំនួន ២០,០០០ករណី ត្រូវបានចុះបញ្ជី។ ចំនួនទាំងនេះគ្រាន់តែជាករណីដែលចុះក្នុងបញ្ជីប៉ុណ្ណោះ ការពិតជាក់ស្តែង តួលេខនេះគឺខ្ពស់ជាងច្រើន។ ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលបានចាត់វិធានការមិនគ្រប់គ្រាន់ទេ ដើម្បីទប់ស្កាត់ និងដោះស្រាយស្ថានការណ៍ នៅពេលរឿងនេះកើតឡើង។
ចំណែកអ្នកនាង Maria Cuadros ទីប្រឹក្សាអង្គការភូមិកុមារ SOS ក្នុងប្រទេសកូឡុំប៊ី បានបញ្ជាក់ថា រូបតុក្កតាទាំងអស់នេះ គឺជាសាក្សីបង្ហាញថា កុមារមានការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាផ្សេងទៀត ប៉ុន្តែក្នុងករណីនេះ ការអំពាវនាវរបស់យើង គឺលុបបំបាត់ការរំលោភបំពានផ្លូវភេទលើកុមារ និងមនុស្សវ័យជំទង់នៅទូទាំងប្រទេស។ ករណីរំលោភបំពានផ្លូវភេទលើកុមារជាង ៥៧ករណី ត្រូវបានចុះបញ្ជីក្នុងប្រទេសកូឡុំប៊ីជារៀងរាល់ថ្ងៃ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា