មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយជូនដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំសំណុំឯកសារនានា ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួននៅ គ.ជ.ប។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប បានបញ្ជាក់ថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺមានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានផ្ដល់ជូនគណបក្សនយោបាយដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។

ឯកឧត្តម បានបន្តថា អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា ១៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមាត្រា ២៣ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
-មានសញ្ជាតិខ្មែរពីកំណើត
-មានអាយុ ៤០ (សែសិប) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
-មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
-បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកល ចំនួន ២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប
-មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា
-មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។
សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ការអនុវត្តសិទ្ធិបោះឆ្នោតខាងលើ ត្រូវបានកំណត់យកត្រឹមការបោះឆ្នោតជាសកលមួយលើកចុងក្រោយ ដែលរៀបចំឡើងដោយ គ.ជ.ប គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តម សុវណ្ណារុំ បានបញ្ជាក់អំពីភាពមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជនថា ៖
-មន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទក្នុងមុខតំណែង និងបព្វជិតសាសនា ឬ
-ជនដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ឬ
-ជនដែលត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត
-ជនវិកលចរិត ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលទូទៅដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថកិច្ច ឬ
-ជនដែលត្រូវដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវបានលុបឈ្មោះពីបញ្ជីបោះឆ្នោតដោយ គ.ជ.ប ឬ
-សមាជិក គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ឬ
-សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬ
-សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

សមាជិក គ.ជ.ប រូបនេះ បានបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ ១០០៨ ដែលកំណត់ដោយ គ.ជ.ប ។ គណបក្សនយោបាយ ត្រូវបំពេញពាក្យសុំចុះបញ្ជីនេះ ចំនួន ២ (ពីរ) ច្បាប់ និងមានឯកសារភ្ជាប់មកជាមួយ ចំនួន ១០ (ដប់) ដូចខាងក្រោម៖
១.សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាសេចក្ដីចម្លងប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ១ (មួយ) ច្បាប់។
២.ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្ស-នយោបាយ។
៣.អាសយដ្ឋាននៃទីស្នាក់ការកណ្ដាលរបស់គណបក្សនយោបាយ។
៤.បញ្ជីបេក្ខជនឈរឈ្មោះសរុបទូទាំងប្រទេស។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច ១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងព្រឹទ្ធសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ ដោយមិនគិតអាសនៈដែលត្រូវបានចាត់តាំង និងជ្រើសតាំង។
៥.ឈ្មោះភូមិភាគដែលគណបក្សនយោបាយមានបំណងទៅឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមភូមិភាគទាំងនោះ។ បញ្ជីបេក្ខជនឈរឈ្មោះតាមភូមិភាគត្រូវមានបេក្ខជនគ្រប់តាមចំនួនកំណត់អាសនៈ និងបំពេញតាមគំរូដែល គ.ជ.ប ផ្ដល់ឱ្យ។
៦.សេចក្ដីប្រកាសអំពីគណនីធនាគារ ដែលគណបក្សនយោបាយបានទុកប្រាក់ចំណូលផ្សេងៗ រួមមានទាំងវិភាគទានដែលបានមកពីប្រភពណាក៏ដោយ នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។
៧.លក្ខន្តិកៈគណបក្សនយោបាយ និងឯកសារផ្សេងៗ ដែលបញ្ជាក់ស្ដីពីការបង្កើតគណបក្សនយោបាយ។
៨.សេចក្ដីប្រកាសរបស់គណបក្សនយោបាយសន្យាថា ចូលរួមបោះឆ្នោត និងទទួលយកលទ្ធផលបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងចូលរួមអនុវត្តច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះ-ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្តីពីវិសោធកម្មច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រមសីលធម៌របស់ គ.ជ.ប និងច្បាប់ស្ដីពីគណបក្សនយោបាយ។
៩.បញ្ជីរាយនាមគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលរបស់គណបក្សនយោបាយ។
១០.បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។ ប្រាក់តម្កល់នេះត្រូវបានបង្វិលជូនទៅសាមីគណបក្សនយោបាយវិញ ក្នុងករណីដែលគណបក្សនយោបាយនោះ បានទទួល សន្លឹកឆ្នោតយ៉ាងតិច ៣ (បី) ភាគរយនៃចំនួនសន្លឹកឆ្នោតបានការ ឬបានអាសនៈ ១ (មួយ) ក្នុងព្រឹទ្ធសភា។

ប្រភពដដែលបានបញ្ជាក់ថា ចំពោះការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវពិនិត្យសម្រេចក្នុងរយៈពេលយ៉ាងយូរ ៧ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលពាក្យសុំ។ ក្នុងករណីគណបក្សនយោបាយ ដែលមិនបានបំពេញគ្រប់លក្ខខណ្ឌដូចបានជម្រាបជូនខាងលើនោះ គ.ជ.ប នឹងចេញលិខិតជូនដំណឹងទៅគណបក្សនយោបាយដែលបានស្នើសុំ ដើម្បីកែតម្រូវ ឬបំពេញចំណុចខ្វះខាតយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង។ ប្រសិនបើដល់ពេលកំណត់ គណបក្សនយោបាយមិនបានបំពេញលក្ខខណ្ឌដែលបានកំណត់ គ.ជ.ប ចាត់ទុកថា គណបក្សនយោបាយនោះបានបោះបង់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមសេចក្ដីសម្រេចបដិសេធលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយនោះ។ បេក្ខភាព ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហើយត្រូវបានបដិសេធដោយ គ.ជ.ប សាមីខ្លួន ឬសាមីគណបក្សនយោបាយ ឬតំណាងអាចប្ដឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសេចក្ដីសម្រេចបដិសេធ។ ក្រុមប្រឹក្សា-ធម្មនុញ្ញត្រូវពិនិត្យ និងសម្រេចលើពាក្យបណ្តឹងក្នុងរយៈពេល ១០ (ដប់) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹង។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner