អ្នកជំនាញ៖ ចំណាត់ការរបស់កម្ពុជាក្នុងការជំរុញថាមពលពន្លឺ ព្រះអាទិត្យលើដំបូល ជំរុញការអភិវឌ្ឍបៃតងនៃវិស័យទេសចរណ៍

ភ្នំពេញ៖ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុង រីកចម្រើនលឿនក្នុងពិភពលោក ។នាពេលថ្មីៗនេះ កម្ពុជា បានដាក់ ចេញនូវ “គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាម ពល ពន្លឺព្រះអាទិត្យលើដំបូលនៅ កម្ពុជា”។ គោលការណ៍នេះ អាចជា ឯកសារ សំខាន់ជាមូលដ្ឋានក្នុងបទបញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ ចេញឱ្យ អនុវត្តនៅដើមឆ្នាំ ២០២៤ខាងមុខ។ អ្នកជំនាញជឿថា បញ្ញត្តិថ្មីនេះអាចនឹងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យ ទេសចរណ៍ ដោយជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពក្នុងការប្រើប្រាស់ថាមពលស្អាត និងជំរុញការអភិវឌ្ឍ បៃតងនៅកម្ពុជា។

នៅក្នុងសប្តាហ៍ថាមពលស្អាត សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និង អង្គការ WWF កម្ពុជា បានបង្ហាញនូវ ការយល់ឃើញរបស់ ខ្លួន ចំពោះបទបញ្ញត្តិថ្មីស្តីពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយកត់សម្គាល់អំពីគុណប្រយោជន៍របស់ថាមពលស្អាតនេះក្នុងវិស័យទេសចរណ៍ ។ ការយល់ឃើញនេះ លើកឡើង ស្របនឹងការផ្សាយ របស់ ក្រសួងទេសចរណ៍នាពេលថ្មីៗ ដែលថាចំនួនភ្ញៀវទេសចរ អន្តរជាតិ បានមកទស្សនា ប្រទេសកម្ពុជា កើនចំនួនប្រមាណជិតបីដង ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២ ដែលបង្ហាញថាចំនួនអ្នកទេសចរកើនឡើងវិញក្រោយពេលមានវិបត្តិនៃជំងឺឆ្លង។

លោក ផេង វណ្ណា មន្រ្តីគ្រប់គ្រងកម្មវិធីថាមពលនៃអង្គការWWF មាន ប្រសាសន៍ថា៖ “វិស័យទេសចរណ៍ រួមចំណែកយ៉ាងសំខាន់ក្នុង កំណើន សេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិស័យមួយនេះ បានរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលជំងឺឆ្លងរាតត្បាត។ ការងើបឡើងវិញ នៃ វិស័យ ទេសចរណ៍ តាមរយៈកំណើននៃចំនួនអ្នកទេសចរ គឺបង្ហាញពី ឱកាសពិសេសមួយក្នុងការពង្រឹងការអភិវឌ្ឍបៃតងរយៈពេលវែង ជម្រុញការប្រើប្រាស់ថាមពលស្អាត នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុង ឧស្សាហកម្មគ្មានផ្សែងមួយនេះ ដើម្បីលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច រួមចំណែក ឆ្ពោះទៅរកភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេស។” លោកបន្តថា៖ “បទបញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ ចេញ នាពេលខាងមុខនេះ អាចបង្កើតផ្លូវច្បាស់លាស់មួយជំរុញ កា ប្រើប្រាស់ថាមពលពន្លឺ ព្រះអាទិត្យ ដែលនឹងអាចកាត់បន្ថយថ្លៃអគ្គិសនី ពង្រឹងស្ថេរភាពការផ្គត់ផ្គង់ថាមពលស្អាត និងកាត់បន្ថយ ការបញ្ចេញ កាបូនផង”។

អ្នកជំនាញនៅ CTF និង អង្គការWWF ជឿជាក់ថាបទបញ្ញត្តិថ្មី អាច នឹងធ្វើឱ្យប្រសើរឡើងនូវ ការប្រើប្រាស់ ថាមពលស្អាតក្នុងស្រុក និង លើកទឹកចិត្តដល់តួអង្គផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងការដំឡើង ប្រព័ន្ធ ថាមពលពន្លឺព្រះ អាទិត្យនៅលើដំបូល ដោយផ្តល់នូវភាព ច្បាស់ លាស់ និងអព្យាក្រឹតតំលៃដែល អាចបំពេញបន្ថែមលើបទបញ្ញត្តិ កំណត់ បច្ចុប្បន្ន។
ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល មិនថាខ្នាតតូចឬមធ្យមនោះទេ អាចរួមចំណែកដល់ការផ្គត់ផ្គង់ អគ្គិសនី ក្នុងតំលៃធូរថ្លៃជាងមុននិង អាចផ្តល់ថាមពលបំពេញតំរូវការខ្ពស់ក្នុងរដូវក្តៅ។ នារដូវក្តៅ ការផលិត ថាមពល ពីវារី អគ្គិសនីនៅមានកម្រិត ខណៈការទាញយក អគ្គិសនីពី ថាមពលពន្លឺព្រះអាទិត្យមាន សក្តានុពលខ្ពស់។ ថាមពល ពន្លឺព្រះអាទិ្យ ក៏ ផលិតថាមពលអតិបរមានៅពេលថ្ងៃជា ពេលដែល តម្រូវការ ប្រើ ប្រាស់អគ្គិសនីខ្ពស់បំផុត។ ការពង្រឹងបទបញ្ញត្តិថ្មីនេះទៀតសោត អាចផ្តល់នូវភាពប្រាកដប្រជា និងកាន់តែច្បាស់លាស់ជាងមុនសម្រាប់ អ្នកវិនិយោគក្នុងបច្ចេកវិទ្យាថ្មី។

នៅកម្ពុជា ទោះជាការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតធំ (សួនសូឡា)ទាក់ទាញការវិនិយោគច្រើនយ៉ាងណា ក៏កម្ពុជានៅមិន ទាន់ទាញប្រយោជន៍ជាអតិបរមាពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យអស់ លទ្ធភាពនៅឡើយទេ។ ក្រសួងរ៉ែ និងថាមពលបានប៉ាន់ប្រមាណថា លទ្ធភាពក្នុងការទាញយកថាមពល ពន្លឺព្រះអាទិត្យនៅកម្ពុជាអាច នឹងមានប្រមាណបីពាន់ មេកាវ៉ាត់ ឬស្មើនឹងជិត៣០ភាគរយ នៃការ ផ្គត់ផ្គង់ ថាមពលក្នុងស្រុកសរុបនាឆ្នាំ ២០៤០។ នាពេលបច្ចុប្បន្ននេះ កម្ពុជាទើបតែទាញយកថាមពលអគ្គិសនី ជាង ៤០០ មេកាវ៉ាត់ ប៉ុណ្ណោះ ពីពីថាមពលពន្លឺ ព្រះអាទិត្យ។ ខណៈដែលប្រព័ន្ធថាម ពល ព្រះអាទិត្យលើ ដំបូលភាគច្រើនត្រូវបានដំឡើងដោយអ្នកប្រើប្រាស់ ដូចជារោងចក្រកាត់ដេរ លំនៅដ្ឋាន និងគ្រឹះស្ថាន នានា។ នៅមានចន្លោះបំពេញបន្ថែមទៀត ដែលអាចឱ្យកម្ពុជា ទាញយកអត្ថ ប្រយោជន៍ពីថាមពលពន្លឺព្រះអាទិត្យឱ្យបានពេញលេញ ជាពិសេសការ ទាញថាមពលពន្លឺ ព្រះអាទិត្យលើដំបូល។

កំណើននៃប្រជាប្រិយភាពវិស័យទេសចរណ៍ធម្មជាតិ ក៏ជាសូចនាករ មួយជំរុញវិស័យទេសចរណ៍ កម្ពុជា ឱ្យគិតគូអនុវត្តបទបញ្ញត្តិប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យលើដំបូលឱ្យបានពេញលេញផង។ តួយ៉ាងក្នុង ឆ្នាំ២០១៩ ទេសចរណ៍ធម្មជាតិទាក់ទាញភ្ញៀវប្រមាណ ១៦ ភាគរយនៃ ចំនួនភ្ញៀវទេសចរ សរុបនៅកម្ពុជា។ ស្ថិតិ ទេសចរណ៍ប្រកបដោយ និរន្តរភាព ឆ្នាំ២០២៣ ក៏បានបង្ហាញពី របត់នៃការកើន ឡើងនូវតម្រូវ ការទេសចរណ៍ បែបនិរន្តរភាព។ ស្ថិតិនោះបង្ហាញថា ៧៨ភាគរយ នៃអ្នកទេសចរពិភពលោក ស្វែងរកកន្លែងស្នាក់នៅដែលមេត្រីដល់ បរិស្ថាន រាប់បញ្ចូលទាំងការប្រើថាមពលស្អាត។

អ្នកជំនាញមកពីស្ថាប័នទាំងពីរក៏បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ថាម ពលប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យ លើដំបូលអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍ធម្មជាតិតាមសហគមន៍នៅទូទាំងប្រទេសដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពស្រប ពេលដែលរួមចំណែកដល់ ការអភិរក្សធនធាន ធម្មជាតិ ផង។

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមាន ប្រសាសន៍ថា៖ “បទបញ្ញត្តិដែលរំពឹង ថានឹង ដាក់ចេញពេលខាងមុខ នេះ គឺជាសញ្ញាណច្បាស់លាស់នៃការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះ អព្យាក្រឹតភាពកាបូន និងចូលរួមបំផុសគំនិតអភិវឌ្ឍនិរន្តរភាពក្នុងតំបន់ ដោយផ្អែកលើយន្តការលើក ទឹកចិត្តការប្រើប្រាស់ ថាមពលស្អាត។ យ៉ាងណាទំនួលខុសត្រូវក្នុងការផ្លាស់ប្តូរ លើសពីចំណារក្នុង ក្រដាស មកជាការអនុវត្តជាក់ស្តែង គឺស្ថិតនៅលើបុគ្គលម្នាក់ៗ និងតាមវិស័យ រៀងៗខ្លួន។ វិស័យ ទេសចរណ៍មានសក្តានុពលក្នុងការលើក កម្ពស់ ភាពជា អ្នកដឹកនាំនៅក្នុងការផ្លាស់ប្តូរនេះ ដែលទាមទារ ឱ្យមាន ការចូលរួម ពីគ្រប់ភាគី មិនថាសណ្ឋការ ឬរីសតធំៗ និងផ្ទះស្នាក់ អេកូទេសចរណ៍ដែលដឹកនាំ ដោយសហគមន៍នោះឡើយ”។

CTF និង អង្គការ WWF គឺជាដៃគូនៅក្នុងកម្មវិធី “ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកប ដោយភាតរបរិស្ថាន និងបរិយាបន្ន” ដែលជាគម្រោងរយៈពេលបីឆ្នាំ។

គម្រោងនេះមានគោលដៅ សម្រួលដល់ វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការអនុវត្តជម្រើសប្រព័ន្ធអគ្គិសនី ដើរដោយថាមពល ពន្លឺព្រះអាទិត្យ សម្រាប់ការប្រើប្រាស់ក្នុងសណ្ឋាគារ រមណីយដ្ឋាន ធម្មជាតិ និងទីតាំងសហគមន៍អេគូទេសចរណ៍។ សកម្មភាព នៃគម្រោងនេះរាប់ចាប់ពីវគ្គបណ្តុះបណ្តាលផ្នែកថាមពលពន្លឺព្រះអាទិត្យ ដល់ការគាំទ្រតំបន់ ទេសចរណ៍ធម្មជាតិ ក្នុងការដំឡើងប្រព័ន្ធ ព្រះអាទិត្យនៅលើដំបូលដោយសង្ឃឹម ថានឹងជំរុញការផ្លាស់ប្តូរប្រកប ដោយនិរន្តរភាព។
ដោយ ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner