នៅថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រខាងមុខនេះបន្ទប់ ស្នាក់នៅខេត្តកែប ស្ទើរតែពេញអស់ទៅហើយ
កែប៖អ្នកផ្តល់សេវាស្នាក់នៅបានប្រាប់ឱ្យដឹងថា ការកក់បន្ទប់ នៅ តាមសណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់នានានៅខេត្តកែប ក្នុងថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រលើកទី១០ ជុំទី៣ខាងមុខនេះ ស្ទើរពេញអស់ហើយ ។ មន្ត្រីជំនាញបញ្ជាក់ថា ខេត្តកែបមានបន្ទប់ ស្នាក់សរុបប្រមាណ១ ៦០០បន្ទប់ប៉ុណ្ណោះ។
ប្រធានផ្នែកលក់ និងទីផ្សារ នៃសណ្ឋាគារ វ៉ាការ៉ា លោក សុផាត បានប្រាប់ឱ្យដឹងថា សណ្ឋាគារវ៉ាការ៉ាមានបន្ទប់ជាច្រើនប្រភេទ សរុប ប្រមាណ៧០យូនីត ។ សម្រាប់ថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រ ខាងមុខនេះ សណ្ឋាគារបានទទួលការកក់បន្ទប់ជិតនឹងពេញហើយ ចំពោះតម្លៃមិនមានការដំឡើងទេ ។
លោករំលឹកដល់ទេសចរដែលមានបំណងចង់មកកម្សាន្តខេត្តកែប សូមរួតរះក្នុងការកក់បន្ទប់ ព្រោះកន្លែងផ្សេងៗក៏ជិតពេញដែរ។
ចំណែកអ្នកស្រី លី លី ម្ចាស់ផ្ទះសំណាក់នៃឆ្នេរ បានអោយដឹងដែរថា គិតមកត្រឹមថ្ងៃនេះ មានភ្ញៀវកក់បន្ទប់អ្នកស្រីបានប្រមាណ៥០ភាគរយ ផងដែរ ហើយការកក់បន្ទប់មានជាហូរហែបន្តទៀត ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានឱ្យដឹងថា ខេត្តកែបមានសេវាស្នាក់នៅគ្រប់ប្រភេទ គ្រប់លំដាប់សរុបប្រមាណ ១,៦០០បន្ទប់ ហើយសម្រាប់បុណ្យអុំទូក និងបុណ្យសមុទ្រដែលខិត ជិតមកដល់នេះ បណ្តាទីតាំងសេវាស្នាក់នៅជាង១០០ ទូទាំងខេត្ត ទទួលបានការកក់បានមួយចំនួនធំហើយ។
លោកអំពាវនាវដល់ភ្ញៀវទេសចរ សូមមកលេងកម្សាន្តខេត្តកែប ឱ្យបានច្រើន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងបុណ្យសមុទ្រ នៅដើមខែក្រោយ ហើយចំពោះអ្នកដែលចង់ស្នាក់នៅខេត្តកែប ត្រូវរូតរះកក់បន្ទប់ព្រោះចំនួនមាននៅមានកម្រិត ហើយអ្នកដែល ខកខានកក់នៅខេត្តកែប អាចទៅស្វែងរកកន្លែងស្នាក់ នៅឯខេត្ត កំពតបាន ព្រោះខេត្តពីនេះនៅជាប់គ្នា៕
ដោយ ៖ សិលា សារិន