មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការកសាង និងអភិវឌ្ឍន៍ សមត្ថភាព មន្ត្រីរាជការឥតឈប់ឈរ ជាថ្នាលបណ្ដុះនូវធនធានមនុស្ស សម្រាប់បន្តវេនក្នុងកិច្ចអភិវឌ្ឍន៍ និង វឌ្ឍនភាពសង្គមកម្ពុជា
ភ្នំពេញៈមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ពីគុណតម្លៃនៃការ បណ្តុះបណ្តាលមន្រ្តីក្រសួង គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បី សម្រេច បានក្នុងការកសាង និងអភិវឌ្ឍន៍ សមត្ថភាពមន្ត្រីរាជការ។ ជាថ្នាល បណ្ដុះនូវធនធានមនុស្សសម្រាប់បន្តវេនក្នុងកិច្ចអភិវឌ្ឍន៍ និង វឌ្ឍនភាព សង្គមនៃប្រទេសជាតិ។
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបែបនេះ ក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី« ការពង្រឹងសមត្ថភាពមន្ត្រីរាជការលើ ការរៀបចំផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង »កាលពីទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នា ទីស្ដីការ ក្រសួងបរិស្ថាន។
វគ្គបណ្តុះបណ្តាលស្តីពី « ការពង្រឹងសមត្ថភាពមន្ត្រីរាជការ លើការ រៀបចំផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
បញ្ជាក់ដល់សិក្ខាកាម ឯកឧត្តម ជួប ប៉ារីស៍ បានឱ្យដឹងថា ក្នុងវគ្គ បណ្តុះបណ្តាលនេះជាធាតុចូលយ៉ាងសំខាន់ក្នុងការចូលរួមកសាង និងពង្រឹងសមត្ថភាពដល់ធនធានមនុស្សបន្ថែម ទៀត សំដៅឈាន ទៅសម្រេចទស្សនៈវិស័យ «សុក្រឹតកម្មបរិស្ថានកិច្ច» និង «អព្យាក្រឹតកាបូន» និងចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលដើម្បី អភិវឌ្ឍន៍មូលធនមនុស្ស។
ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្រសួងបរិស្ថានបានរៀបចំ និងប្រកាសដាក់ឱ្យប្រើ យុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដែលជាផែនទី បង្ហាញ ផ្លូវការងារ របស់ក្រសួងបរិស្ថានរយៈពេលប្រាំឆ្នាំ។ នៅក្នុង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានបានកំណត់យុទ្ធសាស្ត្រស្នូល ផ្តោត លើមុំចំនួន៣ មានជាអាទិ៍ ការពង្រឹងគោលនយោបាយ, ការកសាង រដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ ដែលជាកម្លាំងចលករដ៏ សំខាន់ក្នុងរុញបង្វិលយុទ្ធសាស្ត្រផ្សេងទៀត ឱ្យដំណើរការជោគជ័យ គឺ យុទ្ធសាស្ត្រទី១ ភាពស្អាត ដែលផ្ដោតលើមុំ «ការត្រួតពិនិត្យកាលបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យ ការបំពុល និងការលើកកម្ពស់ការវាយ តម្លៃ ហេតុប៉ះពាល់បរិស្ថាន» យុទ្ធសាស្ត្រទី២ ភាពបៃតង ផ្តោតលើមុំ «ការពង្រីកចលនាដាំដើមឈើ ការជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋាន» និងយុទ្ធ សាស្ត្រទី៣ ចីរភាព ផ្ដោតលើមុំ «ការអនុវត្តអនុលោមភាព ការពង្រីក កិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល»។
យុទ្ធសាស្ត្រចក្រា ២០២៣-២០២៨នេះ រៀបចំឡើងដើម្បីឆ្លើយតបទៅ និងរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែល រាជ រ ដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលអមដោយបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលមាន គោលបំណងប្រែក្លាយកម្ពុជាជាសង្គម ជាតិមួយ រស់រវើក, កម្ពុជាជា ប្រទេសមានចំណូល ខ្ពស់និងមានសេដ្ឋកិច្ចធន់រឹងមាំ, ប្រជាជនកម្ពុជា មាន ចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត, ប្រជាជន កម្ពុជា រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបាន ការគាំពារ សង្គមប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាសក្នុងជីវភាពរស់នៅ និងការ បំពេញការងារ។ កម្ពុជាជាប្រទេសមានបរិស្ថានរូបវន្ត និង ធម្មជាតិ ស្ដុកស្តម្ភ និងសម្បូរបែបប្រកបដោយ សុខដុមភាព ភាពធន់ បរិយាបន្ននិងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធាន ធម្មជាតិ៕
ដោយ៖ម៉ាដេប៉ូ