សិស្សនិទ្ទេស Aបង្ហាញគន្លឹះរៀនដើម្បីប្រឡងទទួលបានពិន្ទុល្អ និងផ្តាំឱ្យសិស្សជំនាន់ក្រោយខិតខំរៀនសូត្រកុំភ្លេចខ្លួន
ភ្នំពេញ៖ក្រោយការប្រកាសលទ្ធផលសិស្សឆ្នើម ដែលបាន ទទួល និទ្ទេសល្អកម្រិត Aជាច្រើននាក់នៅរាជធានីភ្នំពេញបានធ្វើការ បង្ហាញ គន្លឹះពីការប្រឡងបានពិន្ទុល្អដើម្បីចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ដទៃទៀតដែលនឹងត្រូវប្រឡងនៅឆ្នាំក្រោយឆ្នាំ២០២៤។
កញ្ញា ទាប ស្រីល័កណ៍ ដែលបានជាប់និទ្ទេស A ក្នុងការប្រឡង នៅ មណ្ឌលវិទ្យាល័យ ហ៊ុនសែន ប៊ុនរានី ផ្សាដើមថ្កូវ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា បានប្រាប់ដោយ អារម្មណ៍រីករាយ ថាកញ្ញាពិតជារំភើបខ្លាំងណាស់ដែលលទ្ធផលចេញមកបានឆ្លើយតបនឹងអ្វីដែលឪពុកម្តាយបានខិតខំចិញ្ចឹមបីបាច់ និងផ្គត់ផ្គង់ដល់រូបកញ្ញា រៀន សូត្រកន្លងមក។
ទន្ទឹមនឹងការទទួលបានលទ្ធផលយ៉ាងល្អនេះដែរ បេក្ខជនប្រឡង បាក់ឌុបដែលជាប់បាននិទ្ទេសAរូបនេះបានផ្តាំផ្ញើដល់សិស្សជំនាន់ក្រោយត្រូវសិស្សរៀនសូត្រតាមរយៈសៀវភៅពុម្ពរបស់ក្រសួង។ក្រៅពីនេះ ត្រូវខិតខំធ្វើលំហាត់ ស្រាវជ្រាវរកលំហាត់ធ្វើបន្ថែម។ខំធ្វើលំហាត់ឱ្យ បាន ស្ទាត់នោះការចេះនឹងច្រើនទៅតាមនោះដែរ។
ដូចគ្នានេះដែរ កញ្ញា ធារស សុលីតា ដែលបានជាប់និទ្ទេស A ក្នុងការ ប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន ប៊ុនរានី ផ្សាដើមថ្កូវបានឱ្យដឹង ដែរថា ការចង់ជាប់ ហើយនៅពេលប្រឡងបាននិទ្ទេសល្អ ចាំបាច់ ណាស់ គេត្រូវខិតខំតាំងតែពីដើមឆ្នាំ។ក្រៅពីនេះត្រូវធ្វើលំហាត់ឱ្យ បានច្រើនក្នុងនេះដូចជាមើលសៀវភៅលំហាត់ពីបណ្ណាល័យ ពីទី ផ្សារជាដើម។សម្រាប់សិស្សដែលប្រឡងផ្នែកវិទ្យាសាស្រ្ត បើទោះបី មេរៀន ដែលត្រូវទន្ទេញមានតែពីរដូចជាប្រវត្តិ ជីវវិទ្យាជាដើម តែយើង ចាំបាច់ត្រូវទន្ទេញតាំងតែដើមឆ្នាំទៅ។ដោយសារសំណួរមានច្រើន ដូចនេះយើងមិនអាចទន្ទេញនៅចុងឆ្នាំបានទេចាំបាច់ត្រូវទន្ទេញឱ្យចាំនៅដើមឆ្នាំឱ្យហើយស្រេច។
ចំណែកកញ្ញា ទូច លក្ខណា សិស្សជាប់និទ្ទេស A ដូចគ្នានេះបាន បង្ហើបប្រាប់ពីគន្លឹះរៀនសូត្ររបស់ខ្លួនដែលបានទទួលជោគជ័យថា”សម្រាប់ប្អូនៗជំនាន់ក្រោយបងសុំណែនាំឱ្យខិតខំរៀនសូត្រតាំងពីដើមឆ្នាំឱ្យហើយ។មេរៀនមានច្រើនដូចជា ជីវវិទ្យាច្រើនសំណួរខ្លាំងមែនទែន ប្រវត្តិក៏ច្រើនសំណួរដែរ។អញ្ចឹងបើប្អូនៗមិនចង់វណ្ឌកនៅពេលជិត ដល់ ថ្ងៃប្រឡងទេគួរតែរៀនពីដើមឆ្នាំឱ្យហើយ។ត្រូវមានកាលវិភាគឱ្យ ច្បាស់ លាស់តាំងតែពីដើមឆ្នាំ”។
សិស្សឆ្នើមរូបនេះបានឱ្យដឹងបន្ថែមថាសម្រាប់គណិតវិទ្យាធ្វើលំហាត់ឱ្យបានច្រើន។តាមពិតវិញ្ញាសារចេញមកងាយៗដែរទេ។បើយើងធ្វើ លំហាត់ បានច្រើនយើងចេះ ហើយចាំដៃពេលប្រឡងបើភ្លេចភ្លាំង ក៏ យើងនឹងអាចចាំឡើងវិញ ពេលនោះនឹងសរសេរបានច្រើន។សម្រាប់រូបវិទ្យា ជីវវិទ្យាក៏ត្រូវធ្វើលំហាត់ឱ្យបានច្រើន ដល់ពេល ប្រឡងងាយយកពិន្ទុ ហើយនិទ្ទេសក៏បានល្អ។
ដោយឡែក កញ្ញា ចំណាន សុខពុទ្ធា សិស្សជាប់និទ្ទេស Aមួយរូបទៀត បានលើកឡើងថា ការប្រឡងបាក់ឌុបគឺតឹងរ៉ឹងខ្លាំងណាស់ ម្ល៉ោះហើយ យើងមិនអាចមើលឯកសារ ឬមើលគ្នាបានទេ។គឺម្នាក់ៗធ្វើដោយ សមត្ថភាព ខ្លួនឯងផ្ទាល់។ កាលណាយើងអត់រៀនគឺមិនអាចទទួល លទ្ធផលដែលយើងចង់បានឬលទ្ធផលល្អដូចការរំពឹងទុកទេ។
សិស្សជាប់និទ្ទេស Aរូបនេះបានប្រាប់ដែរថា”សម្រាប់មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា យើងត្រូវខិតខំស្តាប់គ្រូពន្យល់ ព្យាយាមធ្វើ លំហាត់ដែលគ្រូដាក់ឱ្យ ត្រូវព្យាយាមស្រាវជ្រាវពីលំហាត់ដែលមាន នៅខាងក្រៅផងដែរ។យើងត្រូវស្រាវជ្រាវលំហាត់ផ្សេងៗទៀតមក ធ្វើឱ្យបានច្រើនបែប។បើយើងដាក់ចិត្តរៀនមិនពិបាកស្រាវជ្រាវទេ។
យោងតាមលទ្ធផលនៃការប្រកាសលទ្ធផលនៃបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣នៅថ្ងៃទី២៣និងទី២៤ ខែវិច្ឆិកាឆ្នាំ ២០២៣នេះបង្ហាញថា លទ្ធផលបេក្ខជនប្រឡងជាប់និទ្ទេស A នាឆ្នាំនេះមានចំនួនសរុប ១ ៦៧៣នាក់ ខណៈការប្រឡងសញ្ញាបត្របាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួនសរុបតែ ១ ០៤៩ នាក់។
គួរបញ្ជាក់ថា តាមការប្រកាសលទ្ធផលរបស់ក្រសួងអប់រំនាឆ្នាំ ២០២៣ បង្ហាញថា បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ៖ លោក ម៉ាដេប៉ូ,រូបភាព៖ លោក ងីម ឆៃហួត