រដ្ឋមន្ត្រីធនធានទឹកកម្ពុជា រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវជួបគ្នា (Video Inside)

រដ្ឋមន្ត្រីក្រសួងធនធានទឹកកម្ពុជាលោក ថោ ជេដ្ឋា បានជួបជាមួយរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ លោកស្រី ប៊ូនខាំ វរៈ ដែលកិច្ចពិភាក្សាបានជំរុញលើកិច្ចសហប្រតិបត្តិការគម្រោងនានា ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ។

កម្ពុជានិងឡាវ គឺជាប្រទេសដែលមានអាងទន្លេមេគង្គរួមគ្នា និងប្រទេសទាំង២ តែងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចិរភាពទន្លេមេគង្គ។

ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីទាំង២ បានធ្វើនៅថ្ងៃទី២៤វិច្ឆិកា ក្នុងឱកាសបំពេញទស្សនកិច្ចខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣០ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយប្រទេសដៃគូអភិវឌ្ឍន៍លើកទី២៨។

រដ្ឋមន្ត្រីធនធានទឹកកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញរបស់ភាគី ឡាវ ក្នុងអាណត្តិកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាគណៈកម្មការ ទន្លេមេគង្គក្នុងឆ្នាំ២០២៣នេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលបន្តធ្វើកិច្ចសហការជាមួយប្រទេសឡាវ និងជាមួយប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គផ្សេងទៀត ក្នុងក្របខណ្ឌទន្លេមេគង្គតែមួយ, ស្មារតីមេគង្គតែមួយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ របស់គណៈកម្មការទន្លេមេគង្គ ឆ្ពោះទៅសម្រេចបាននូវលទ្ធផលដែលជាបំណងប្រាថ្នារួមគ្នា។

ads banner