ប៉េរូដំឡើងឧបករណ៍តាមដានបាតុភូតអាកាសធាតុ El Nino
លីម៉ា៖ កងទ័ពជើងទឹក នៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ប៉េរូបានចាប់ផ្តើមដំឡើងឧបករណ៍ការពារមហាសមុទ្រចំនួនពីរ នៅឯឆ្នេរសមុទ្រភាគខាងជើងប្រទេសរបស់ខ្លួន ដើម្បីតាមដានស្ថានភាព និងលក្ខណៈនៃបាតុភូតអាកាសធាតុ El Nino។
កងទ័ពជើងទឹកប៉េរូបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ធុងចំនួនពីរ នឹងត្រូវប្រើសម្រាប់វាស់ចរន្តទឹកសមុទ្រ រលក និងអថេរឧតុនិយម។ ទិន្នន័យដែលប្រមូលបាន នឹងត្រូវបញ្ជូនតាមផ្កាយរណបទៅកាន់មជ្ឈមណ្ឌលបញ្ជា។
ធុងអណ្តែតទឹកទីមួយ ដែលដំឡើងដោយអាជ្ញាធរប៉េរូ មានទម្ងន់ ៣តោន នឹងត្រូវដំឡើងនៅចម្ងាយជាង ២០០គីឡូម៉ែត្រ ពីសមុទ្រ Puerto Pizarro ក្នុងតំបន់ Tumbes ជាប់ព្រំដែនជាមួយប្រទេសអេក្វាឌ័រ។ ធុងអណ្តែតទឹកទីពីរនឹងត្រូវដំឡើងនៅចម្ងាយជាង ១៦០គីឡូម៉ែត្រ ពីកំពង់ផែ Paita ក្នុងតំបន់ Piura ភាគខាងជើងប្រទេសប៉េរូ។
ធុងអណ្តែតទឹកទាំងនេះអាចចាប់សញ្ញាបានក្នុងជម្រៅរហូតដល់ ២០០ម៉ែត្រ។
គួរបញ្ជាក់ថា El Niño គឺជាបាតុភូតឧតុនិយមដែលទាក់ទងនឹងការឡើងកំដៅនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលកើតឡើងរៀងរាល់ ២ ទៅ ៧ឆ្នាំម្តង។
បើតាមអាជ្ញាធរប៉េរូ បាតុភូត El Niño នៅតាមឆ្នេរសមុទ្រ នឹងបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០២៤។ បាតុភូតអាកាសធាតុនេះ ជាធម្មតាត្រូវបានអមដោយការធ្លាក់ព្រិល ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង គ្រោះរាំងស្ងួត និងការកើនឡើងនៃសីតុណ្ហភាពជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា