ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញដល់និស្សិតខិតខំរៀនសូត្រនិងធ្វើកា រ ស្រាវជ្រាវ ផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែងដើម្បីក្លាយជាធនធាន មនុស្ស ឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជំរុញណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានៅពេលខាងមុន ប្រឡងចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។
ឯកឧត្ដមរដ្ឋមន្ត្រី បានអបអរសាទរជាថ្មី ចំពោះនិស្សិតពូកែទាំងអស់ដែលទទួលបានអាហារូបកណ៍សិក្សានៅ CADT។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ជាពិសេសការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកបង្ហាញដល់និស្សិតអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង-ស្ថាប័ន និងការកសាងពលរដ្ឋឌីជីថល ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការបង្កើតថ្នាលឌីជីថលនានា ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា