គយ និងដៃគូពាក់ព័ន្ធ គ្រោងនឹងដាក់ចេញនូវវិធានការមួយចំនួនដើម្បីសម្រួលនីតិវិធីការងារ ជំរុញការធ្វើពាណិជ្ជកម្ម

ភ្នំពេញ៖អគ្គនាយដ្ឋានគយ និងរដ្ឋាករ រួមជាមួយនឹងក្រសួងស្ថាប័នរដ្ឋ គ្រោងដាក់ចេញនូវវិធានការចាំបាច់នានាជាមូលដ្ឋានសម្រាប់តួអង្គពាក់ព័ន្ធយកទៅអនុវត្ត ដើម្បីបន្តកែលម្អនីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវមុខងារស្ថាប័ន ក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ 

នេះជាការលើកឡើងរបស់ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាសិក្ខាសាលាស្តីពីការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣ ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) សហការជាមួយរដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នេះបើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោក សែ សុឃន បានថ្លែងទៀតថា អនុវត្តតាមវិធានការកំណែទម្រង់ស៊ីជម្រៅនិងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបន្តកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីបំពេញបែបបទដែលមានលក្ខណៈសាមញ្ញ និងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅកាត់បន្ថយទាំងពេលវេលានិងចំណាយរបស់ធុរកិច្ចពាណិជ្ជកម្មនៅកម្ពុជា។

លោកគូសបញ្ជាក់ថា៖«ការសិក្សារយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣នេះជាឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវបញ្ហាប្រឈមក្នុងការបំពេញបែបបទនៅគ្រប់ដំណាក់កាល»។

លោកបានបន្តថា នេះគឺជាការចាប់ផ្តើមនៃដំណើរការសិក្សារយៈពេលបំពេញបែបទបញ្ចេញទំនិញលើកទី៤ ទាំងមូល ដែលការងារបន្ទាប់ គឺការប្រមូលទិន្នន័យនៅ( អគរ) និងតាមបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សាឆ្នាំ២០២៣ ដែលរំពឹងថានឹងផ្សព្វផ្សាយជាសាធារណៈនៅត្រីមាសទី១ ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ លោកអគ្គនាយករង ក៏បានស្នើដល់អង្គភាពគយនិងរដ្ឋាករ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំនីតិវិធីផ្ទៃក្នុង និងចូលរួមសហការជាមួយក្រុមការងារ និងអ្នកជំនាញការ ដើម្បីឱ្យការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា៕

ដោយ៖ វណ្ណ សុជាតា

ads banner