រដ្ឋមន្រ្តីកសិកម្ម ថ្លែងអំណរគុណចំពោះរុស្ស៊ីដែលតែងតែបន្តជួយគាំទ្រកម្ពុជាលើវិស័យកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃអតីតសហភាពសូវៀត និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីបច្ចុប្បន្ន ចំពោះការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម បានធ្វើឡើងនៅក្នុងពេលដែលលោកបានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មប្រាំបួនរូប រួមមាន ជនជាតិខ្មែរមួយរូបនិងជនជាតិរុស្ស៊ីប្រាំបីរូប នៅខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ឯកឧត្តមបានថ្លែងបែបនេះថា៖«ក្នុងវិស័យកសិកម្ម រដ្ឋាភិបាលអតីតសហភាពសូវៀតបានផ្ដល់ ស្បៀងអាហារ និងសម្ភារបរិក្ខាសម្រាប់ការងារបង្កបង្កើនផល និងបានចាត់បញ្ជូនមន្ត្រីជំនាញផ្នែកកសិកម្មជាច្រើននាក់មកជួយ បណ្តុះបណ្តាលមន្ត្រី និងនិស្សិតកសិកម្មកម្ពុជា»។

លោកបានបន្តថា ជាក់ស្ដែង ចាប់ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៩ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (អតីតវិទ្យាស្ថានបច្ចេកទេសកសិកម្មចម្ការដូង) បានទទួលការគាំទ្រទាំងស្រុង ទាំងហិរញ្ញវត្ថុ សម្ភារបរិក្ខា និងមធ្យោបាយនានា ពីរដ្ឋាភិបាលអតីតសហភាពសូវៀត សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ដោយសាស្ត្រាចារ្យរុស្ស៊ីចំនួន៥៦រូបដែលត្រូវ បានចាត់បញ្ជូនមកបម្រើការងារនៅទីនោះជាបន្តបន្ទាប់។

ចំពោះការបាត់បង់អតីតអ្នកជំនាញការកសិកម្មប្រាំបួនរូបវិញ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ៖«ថ្វីត្បិតតែលោកអ្នកទាំង៩រូបបានទទួលមរណភាពតាំងពី៤០ឆ្នាំ មុនក្តី ប៉ុន្តែការរួមចំណែក និងគំរូវីរភាពរបស់លោកអ្នកទាំងនោះ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់យើងទាំងអស់គ្នាជាប់ជានិច្ច ហើយការជួបជុំគ្នានៅទីនេះ នាពេលនេះ គឺជាសក្ខីភាពនៃការចងចាំ និងការដឹងគុណរបស់យើងទាំងអស់គ្នាចំពោះអ្នក ជំនាញការកសិកម្មទាំង៩រូប»។

ជាមួយគ្នានោះដែរ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា ចាប់តាំងពីថ្ងៃនៃការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ រុស្ស៊ីតែងតែប្តេជ្ញាចិត្តក្នុងចំណងមិត្តភាពដោយស្មោះជាមួយកម្ពុជា។ លោកបានបញ្ជាក់ថា៖« ប្រវត្តិសាស្រ្តនៃអន្តរកម្មរបស់យើងសម្បូរទៅដោយគំរូនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងសមិទ្ធផលសំខាន់ៗ រួមមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលអ្នកឯកទេសសូវៀតបានធ្វើការដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំ»។

លោកបានបន្ថែមថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសរុស្ស៊ីមើលឃើញសក្តានុពលដ៏ធំសម្បើមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ និងភាពជាដៃគូបច្ចេកវិទ្យាជាមួយកម្ពុជា។

សូមជម្រាបថា បុព្វហេតុ ដែលនាំឱ្យមានពិធីគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មប្រាំបួនរូបនេះដែរ ត្រូវបានលោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ សហភាពសូវៀតកំពុងបានជួយ កម្ពុជាក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច វិស័យសង្គម និងកសិកម្ម ហើយពេលនោះក្រុមអ្នកជំនាញការពីប្រទេសរុស្ស៊ី រួមទាំងតំណាងក្រសួងកសិកម្ម កំពុងធ្វើដំណើរទៅកាន់វាលកប្បាសមួយមួយសម្រាប់ធ្វើការពិសោធន៍ នៅជិតក្រុងកំពង់ចាម ត្រូវបានស្ទាក់ដោយទាហានខ្មែរក្រហមប៉ុលពត។

លោកបានបញ្ជាក់ថា៖« ជាលទ្ធផលនៃការវាយប្រហារនោះ អ្នកជំនាញការកសិកម្មរុស្សីចំនួន ប្រាំបីរូប បានបាត់បង់ជីវិតនៅទីកន្លែងរួមមាន លោក Tikmenov វិស្វករបច្ចេកទេស, លោក Lysenko ក្សេត្រវិទបច្ចេកទេស .លោក Gribov វិស្វករម៉េកានិច, លោក Akhundov ក្សេត្រវិទ ,លោក Chernov  លោក Fayziev អ្នកឯកទេសម៉េកានិច .លោក Nazarov អ្នកជំនាញក្សេត្រវិទ និងលោក Saatov វិស្វករ-អ្នកបកប្រែ»។ ចំណែកជនជាតិខ្មែរដែលបានបង់បង់ជីវិតនៅពេលនោះគឺលោក សូ សុខឃាង មានតួនាទីជាមន្រ្តីការិយាល័យស្រាវជ្រាវនៃផ្នែកកសិកម្ម៕

ដោយ៖ វណ្ណ សុជាតា

ads banner