សហភាពអឺរ៉ុប និងអាស៊ាន បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលគ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សហភាពអឺរ៉ុបនិងអាស៊ាន កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌល​គ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន សំដៅបង្កើតជាវេទិកាថ្នាក់​តំបន់សម្រាប់ការផ្ទេរ និងកិច្ចសហការបច្ចេក​វិទ្យាឆ្លង​ព្រំដែនឱ្យកាន់តែល្អប្រសើរ។

ការបន្តកិច្ចខំប្រឹងប្រែងនេះ ត្រូវបានលើកឡើងនៅក្នុងសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៣ ស្តីពី «មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា» ត្រូវបានរៀប​​ចំ​ឡើង​នៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបាន​ប្រមូល​ផ្តុំអ្នកជំនាញពីសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពិភាក្សាពីវិធីសាស្រ្ត និង​យុទ្ធសាស្ត្រ ដែលនឹងមិនត្រឹមតែកាត់បន្ថយគម្លាតបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែនឹងសម្របសម្រួល​ការ​តភ្ជាប់​ដ៏រលូន ដោយបង្កើនសក្តានុពលសម្រាប់កិច្ចសហការ។

គំនិតផ្តួចផ្តើមរួមគ្នានេះមានគោលបំណងរៀបចំសេចក្តីព្រាងឯកសារទស្សនទានសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដោយផ្សារភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិនៅក្នុងតំបន់អាស៊ាន។ គោលដៅ​គឺដើម្បី​ប្រែក្លាយគោលគំនិតប្រកបដោយនវានុវត្តន៍នានា ឱ្យទៅជាដំណោះស្រាយ​ល្អ​ប្រសើរតាម​លក្ខណៈ​បច្ចេក​ទេស ដែលអាចដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជាវិបត្តិអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ​សុខ​ភាព​សាធារណៈ ជំងឺរាតត្បាត និងវិសមភាពសេដ្ឋកិច្ច។

ក្នុងសុន្ទរកថាបើកសិក្ខាសាលារបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថប្រយោជន៍នៃមជ្ឈមណ្ឌល​គ្រប់គ្រងបច្ចេក​វិទ្យា​អាស៊ានសម្រាប់តំបន់។ លោក ប្រសាសន៍ថា៖«រាជរដ្ឋាភិបាលកម្ពុជា​ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការ​ជា​មួយ​បណ្តា​ប្រទេស​សមា​ជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដើម្បីដោះស្រាយបញ្ហារួមរបស់យើង ដោយប្រើ​ប្រាស់សក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរៀបចំឡើង ស្រប​តាមផែន​ការសកម្មភាពអាស៊ានស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ ឆ្នាំ២០១៥-២០២៥។

សហភាពអឺរ៉ុប បានគាំទ្រយ៉ាងសកម្មដល់គំនិតផ្តួចផ្តើមមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន តាម​រយៈកម្មវិធី E-READI ។ បច្ចុប្បន្ន ទោះបីមានគំនិតផ្តួចផ្តើមផ្ទេរបច្ចេកវិទ្យា​នៅកម្រិតប្រទេស​ក្នុងតំបន់​អាស៊ានក៏ដោយ គំនិតផ្តួចផ្តើមមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន​មានបំណងបង្កើតជាវេទិកាថ្នាក់​តំបន់សម្រាប់ការផ្ទេរ និងកិច្ចសហការបច្ចេកវិទ្យាឆ្លងព្រំដែនដោយរលូន។

លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានកោតសរសើរចំពោះ​វឌ្ឍន​ភាព​នៃគំនិតផ្តួចផ្តើមថ្នាក់តំបន់នេះ។ លោកបានលើកឡើងថា៖«ទាំងអាស៊ាន និងសហភាពអឺរ៉ុប​អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការរួមកម្លាំង ក្នុងការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រង​បច្ចេក​វិទ្យា​អាស៊ាន ដែលមជ្ឈមណ្ឌលនេះមានសក្ដានុពលក្នុងការពន្លឿនការចែករំលែកចំណេះដឹង និងកិច្ច​សហ​ប្រតិបត្តិការស្រាវជ្រាវរវាងតំបន់ទាំងពីរ និងរួមគ្នាបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ចំពោះ​បញ្ហា​ធំៗរបស់ពិភពលោក ដែលយើងទាំងអស់គ្នាកំពុងប្រឈម»។

ចំណែកលោក Satvinder Singh អគ្គលេខាធិការរងអាស៊ានសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន បានលើក​ឡើង​ថា៖«មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យានេះមានគោលបំណងដោះស្រាយតម្រូវការ​ជាក់លាក់របស់​អាស៊ាន។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងជាពិ​សេសដើម្បីផ្តល់អត្ថប្រយោជន៍​ដល់ប្រជាជន​ចម្រុះ​ជាង ៦០០ លាននាក់នៅក្នុងតំបន់របស់យើង ដោយគិតគូរពីតម្រូវការពិសេស និងបញ្ហាប្រឈម​ដែលអាច​មានលក្ខណៈខុសពីមជ្ឈមណ្ឌលផ្សេងៗ ដែលត្រូវបានបង្កើតឡើងនៅ​ទូទាំងពិភពលោក»។

គំនិតផ្តួចផ្តើមមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា​អាស៊ាន ត្រូវបានសហការដឹកនាំដោយ គណៈកម្មាធិការ​អាស៊ាន​​ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី។

លោក ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​របស់កម្ពុជា ​បានលើកទឹកចិត្តដល់អ្នកចូលរួមឱ្យចែករំលែកនូវបទពិសោធន៍របស់ខ្លួន ដើម្បីរៀបចំ​ឯកសារទស្សនទាន​ដែលរឹងមាំ ដោយបង្ហាញពីគំរូនៃការផ្ទេរបច្ចេកវិទ្យាឆ្លងព្រំដែនដ៏ល្អប្រសើរមួយ។
ទន្ទឹមនឹងនោះ ប្រធាន​គណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​របស់ប្រទេសឥណ្ឌូនេស៊ី លោកស្រី Ir. Boediastoeti Ontowirjo បានសង្កត់ធ្ងន់លើអាទិភាពនៃការផ្ទេរបច្ចេកវិទ្យា ជាពិសេសនៅក្នុង​បរិវត្តកម្ម​​ថាមពល និងបរិវត្តកម្មឌីជីថល ដោយបញ្ជាក់​ពីតម្រូវការនៃភាពជាដៃគូនៅក្នុងប្រព័ន្ធអេកូឡូស៊ី​វិស័យ​ស្រាវជ្រាវ និងនវានុវត្តន៍។

សូមជម្រាបថា កម្ពុជាបានដាក់ចេញនូវឧបករណ៍គោលនយោបាយមួយចំនួន រួមមានគោល​នយោបាយជាតិស្តីពី​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ ឆ្នាំ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា ឆ្នាំ២០៣០ របៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាជាដើម ដើម្បីទាញយកសក្តានុពលពីវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ឱ្យបានពេញលេញ​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ដោយ៖ រក្សា

ads banner