ចិន បានផ្តល់ជំនួយឧបករណ៍រណជួយទ្រទ្រង់រាងកាយដល់ជនពិការនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឧបករណ៍រណបជួយទ្រទ្រង់រាងកាយដល់ជនមានពិការភាពនៅកម្ពុជា ។

កម្មវិធីប្រគល់ និងទទួលរណបជំនួយទ្រទ្រង់រាងកាយដែលជាអំណោយរបស់មជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមវត្តមានឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ហ៊ូ គ័រឆាង(HU Guoqiang) នាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន រួមជាមួយទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាលោក លីន រ៉ូហួរ(Lin Ruihua) ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា  នៅក្នុងជំនួបនោះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនមានពិការភាព និងបានផលិតឧបករណ៍ជំនួយសម្រាប់ជនមានពិការភាព។  ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏មិនអាចបំពេញតម្រូវការរបស់ជនមានពិការភាព ដោយសារតែរោងចក្រផលិតនៅមានកម្រិតនៅឡើយ ខណៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជាបានបម្រើឱ្យជនមានពិការភាពប្រមាណ២ម៉ឺននាក់ក្នុងមួយឆ្នាំ»។

ឯកឧត្តមបានឱ្យដឹងថា នៅកម្ពុជាមានជនមានពិការភាពជាង៧០ម៉ឺននាក់ នៃចំនួនប្រជាជនសរុប១៣លាននាក់ ខណៈជនមានពិការភាពបច្ចុប្បន្នកំពុងតែប្រឈមនឹងបញ្ហាជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់ចរាចរណ៍។ លោកសង្ឃឹមថា រដ្ឋាភិបាលចិននឹងពិចារណាក្នុងការផ្តល់ជំនួយបច្ចេកទេសខាងផ្នែកសម្ភារទាំងអស់នេះដើម្បីបំពេញតម្រូវការជនមានពិការភាពនៅកម្ពុជា។រាជរដ្ឋាភិបាលកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការនៅជាយក្រុង ដោយបច្ចុប្បន្នសាងសង់បាន៣០ភាគរយ។ក្នុងមជ្ឈមណ្ឌលនោះនឹងរៀបចំឱ្យមានរោងចក្រផលិតរទេះរុញសម្រាប់ជនមានពិការភាព រោងចក្រផលិតដៃជើងសិប្បនិម្មិត និងរោងចក្រផលិតឈើច្រត់ និងមានមន្ទីរពេទ្យ និងភោជនីយដ្ឋានផងដែរ។ បើតាមលោក ឯម ច័ន្ទមករា នៅពេលដែលមជ្ឈមណ្ឌលនោះកសាងរួច ទីតាំងនេះនឹងក្លាយជាកន្លែងប្រមូលផ្តុំរបស់វិស័យពិការភាព។

ជាការឆ្លើយតប លោក ហ៊ូ គ័រឆាង បានលើកឡើងថា លោកចាប់អារម្មណ៍ចំពោះគម្រោងសាងសង់មជ្ឈមណ្ឌលជាតិជនពិការនៅកម្ពុជា ហើយលោកនឹងយកបញ្ហាដែលលោក ឯម ច័ន្ទមករា បានលើកឡើងខាងលើនេះ ទៅពិភាក្សាជាមួយនឹងសហព័ន្ធជនពិការនៅប្រទេសចិន ហើយ សង្ឃឹមថានឹងទទួលបានការគាំទ្រពីក្រសួងការបរទេសចិន។ លោក ហ៊ូ គ័រឆាង បានថ្លែងថា៖«ដើម្បីពង្រឹង និងដើម្បីផលប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ ខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀត»។

បន្ថែមពីនេះ ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា លោក លីន រ៉ូហួរ(Lin Ruihua) ក៏បានលើកឡើងដែរថា ក្នុងនាមលោកតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា នឹងធ្វើជាស្ពានចម្លងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីស្វែងរកភាគីដែលពាក់ព័ន្ធដែលស្របគ្នានឹងវិស័យពិការភាព និងជំរុញការអនុវត្តគម្រោងនេះប្រព្រឹត្តិទៅដោយជោគជ័យឆាប់រហ័ស៕

ដោយ៖ សុខ រក្សា

ads banner