នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ស្នើឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ណែនាំដល់អ្នកបើកបររបស់ខ្លួនគោរពច្បាប់ចរាចរណ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ស ថេត បានជំរុញឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ឱ្យណែនាំដល់អ្នកបើកបរខ្លួន ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងមានសុជីវធម៌ក្នុងការបើកបរ ដើម្បីចូលរួមកាត់បន្ថយអត្រាការស្លាប់និងគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។

នាយឧត្តមសេន៊ិយ៍ ស ថេត បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពីការណែនាំអំពីសុវត្ថិភាពចរាចរណ៍ អ្នកបើកបរដឹកអ្នកដំណើរ ទំនិញ និងម្ហូបអាហារ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

 ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា  ការជួបជុំជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនាពេលនេះ ក្នុងគោលបំណងឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបន្តអប់រំដល់អ្នកបើកបរទាំងអស់ បើកបរក្នុងល្បឿនកំណត់ កុំបើកបររំលោភភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ និងកុំបើកបរគ្មានសុជីវធម៌ដោយបើកបរជែងគេជែងឯង។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់នាពេលនោះផងដែរថា បន្ទាប់ពីជួបជាមួយក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារនេះរួចហើយ លោកនឹងបន្តជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនខ្នាតធំៗជាពិសេសរថយន្តដឹកកុងតឺន័រ អ្នកដឹកជញ្ជូនទំនិញក្រៅប្រព័ន្ធ រ៉ឺម៉កកង់៣ និងអ្នកពាក់ព័ន្ធផ្សេងទៀត ។

អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនោះ បានឯកភាពឱ្យមានការបង្កើតប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរវាងក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងឯកភាពឱ្យរៀបចំឯកសារគោលមួយដើម្បីងាយស្រួលបណ្តុះបណ្តាលជាស្តង់ដារមួយដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារុំ

សូមជម្រាបថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរម៉ូតូ មានចំនួន៤៩២គ្រឿង ហើយកំណើនអ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងរាជធានីភ្នំពេញ ដោយអ្នកប្រើប្រាស់ម៉ូតូ មានការកើនឡើងរហូតដល់២លាន២សែនគ្រឿង ហើយរថយន្ត មានជាង៧០ម៉ឺនគ្រឿង៕

ដោយ៖ សុខ រក្សា

ads banner