ជប៉ុនប្រកួតរើសសំរាមពិភពលោក
តូក្យូ៖ ក្នុងទីក្រុងតូក្យូ អ្នករើសអេតចាយជាច្រើនក្រុម បានធ្វើដំណើរឆ្លងកាត់រដ្ឋធានីរបស់ប្រទេសជប៉ុននេះ ដើម្បីប្រកួតជើងឯកពិភពលោកលើកដំបូងរបស់ពួកគេ។
ការប្រកួតប្រជែងលំដាប់ពិភពលោកមួយ មានឈ្មោះថា Spogomi ត្រូវបានធ្វើឡើងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងនោះគេបានរកឃើញប្រទេសចំនួន ២១ ដែលប្រកួតប្រជែងគ្នា ក្នុងការរើសសំរាមឱ្យបានច្រើនបំផុត ដោយត្រូវដើររើសនៅតាមដងផ្លូវ ដើម្បីស្វែងរកប្លាស្ទិក គូទបារី និងសំរាមផ្សេងទៀត។
លោក Kenichi Mamitsuki ស្ថាបនិកកីឡា Spogomi បាននិយាយថា ដំបូងឡើយ មនុស្សមិនអាចយល់ពីកីឡានេះបានទេ ហើយពួកគេគិតថា ខ្ញុំគ្រាន់តែលេងសើចប៉ុណ្ណោះ។ មនុស្សជាច្រើននិយាយថា ខ្ញុំកំពុងលេងសើចនឹងសកម្មភាព ដែលគ្រាន់តែជាការរួមចំណែកជួយដល់សង្គម។ វាពិតជាពិបាកណាស់សម្រាប់ខ្ញុំ ប៉ុន្តែបន្ទាប់ពីអ្នកដែលចូលរួមកីឡារនេះ ចាប់ផ្ដើមរើសសំរាម បាននាំឲ្យក្មេងៗចាប់ផ្ដើមរើសសំរាមនៅផ្ទះ ខ្ញុំបានឮរឿងល្អៗទាំងនេះ ហើយធ្វើឲ្យខ្ញុំគិតថា គួរបន្ត។
ជាមួយគ្នានេះ លោក Jonathan Winship ជាអ្នកចូលរួមជនជាតិអង់គ្លេស និងជាជើងឯកកីឡា Spogomi ពិភពលោក បានមានចំណាប់អារម្មណ៍ថា ខ្ញុំសង្ឃឹមថា កីឡាប្រភេទនេះ នឹងទទួលបានការពេញនិយម ហើយខ្ញុំគិតថា វាមានសក្តានុពលច្រើនលើសពីកីឡាទៅទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា