ថៃប្រារព្ធពិធីបុណ្យសិល្បៈភ្លើងពណ៌ប្រចាំឆ្នាំ
បាងកក៖ ទីក្រុងបាងកករបស់ប្រទេសថៃ បានចាប់ផ្តើមប្រារព្ធពិធីបុណ្យសិល្បៈភ្លើងពណ៌ប្រចាំឆ្នាំ ដែលមានឈ្មោះថា “ដាស់ទីក្រុងបាងកកពីដំណេក” ឬ “Awakening Bangkok”។
អគ្គនាយករៀបចំពិធីបុណ្យសិល្បៈភ្លើងពណ៌ លោក Pongsiri Hetrakul បាននិយាយថា តំបន់ទីក្រុងចាស់នៃរាជធានីបាងកក មានភាពទាក់ទាញច្រើនណាស់។ គ្រប់តំបន់ដែលអ្នកដើរទៅ វាជាទីកន្លែងដែលមានរឿងរ៉ាវកើតឡើងជាច្រើនជំនាន់មកហើយ។ យើងកំពុងព្យាយាមបង្កើតការងារសិល្បៈភ្លើងពណ៌ឱ្យច្រើននៅឆ្នាំនេះ ដើម្បីនិទានរឿងពីសង្កាត់នីមួយៗ និងស្រុកនីមួយៗ។
ជាមួយគ្នានេះ លោក Janpassorn Kulnanun ដែលជាសិល្បករ និងជានិសិត្សសិក្សានៅសាកលវិទ្យាល័យ បានបញ្ជាក់ថា នៅពេលដែលទស្សនិកជនបានឃើញស្នាដៃសិល្បៈភ្លើងពណ៌របស់យើង ពួកគេពិតជាមានការចាប់អារម្មណ៍។ យើងដឹងរួចហើយថា ការងារសិល្បៈរបស់យើងជោគជ័យ ព្រោះវារំលឹកដល់មនុស្សកាលពីអតីតកាល។
សូមបញ្ជាក់ថា ពិធីបុណ្យដែលត្រូវបានគេហៅឈ្មោះថា “ដាស់ទីក្រុងបាងកកពីដំណេក” ឬ “Awakening Bangkok” គឺជាពិធីបុណ្យសិល្បៈភ្លើងពណ៌ដ៏ពេញនិយមនៅក្នុងប្រទេសថៃ។ ព្រឹត្តិការណ៍នេះ នឹងបើកដំណើរការរហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ហើយប្រធានបទឆ្នាំនេះ គឺ “ការឆ្លងកាត់ពេលវេលា”។ គោលបំណងនៃការរៀបចំនេះ គឺដើម្បីពង្រឹងថាមពលថ្មីដល់តថភាពជីវិតនាពេលរាត្រីដ៏រស់រវើក នៅតាមដងផ្លូវប្រវត្តិសាស្រ្ត និងផ្សារក្នុងតំបន់ទីក្រុងចាស់នៃរាជធានីបាងកក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា