ប្រធានាធិបតីកេនយ៉ាប្តេជ្ញាចាត់វិធានដោះស្រាយគ្រោះមហន្តរាយទឹកជំនន់
ណៃរ៉ូប៊ី៖ មេដឹកនាំកេនយ៉ាន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា ប្រទេសកេនយ៉ាកំពុងចាត់វិធានការដោះស្រាយគ្រោះមហន្តរាយទឹកជំនន់ដែលបានសម្លាប់មនុស្សប្រមាណ ៧០នាក់ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ។
ប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ បាននិយាយបន្ទាប់ពីពិភាក្សាជាមួយក្រុមការងារឆ្លើយតបគ្រាអាសន្នផ្សេងៗថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីរបៀបគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់។
លោក រូតូ បាននិយាយថា គិតមកទល់ពេលនេះជាអកុសល យើងបានបាត់បង់មនុស្ស ៧០នាក់នៅទូទាំងប្រទេសកេនយ៉ា ដោយសារភ្លៀងធ្លាក់ខ្លាំង ហើយប្រជាជនប្រហែល ៣៦,១៦០គ្រួសារ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង។ លោក រូតូ បន្ថែមថា ប្រទេសកេនយ៉ាបានលិចទឹកហើយ និងថា នាយកដ្ឋានឧតុនិយមកំពុងព្យាករណ៍ថា មានភ្លៀងធ្លាក់បន្ថែមទៀត ដែលនឹងបង្កើនហានិភ័យកើតមានទឹកជំនន់។
ដូច្នេះយើងត្រូវរៀបចំខ្លួន សម្រាប់ស្ថានភាពគ្រាអាសន្នដែលនឹងកើតឡើង។ បន្ថែមលើនេះ លោក រូតូ ក៏បានព្រមានពីការផ្ទុះជំងឺអាសន្នរោគ និងជំងឺគ្រុនចាញ់នៅក្នុងតំបន់មួយចំនួនផងដែរ ហើយថា សន្តិសុខរបស់ប្រទេសកេនយ៉ាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។
គួរបញ្ជាក់ថា កេនយ៉ា និងប្រទេសជិតខាង គឺសូម៉ាលី និងអេត្យូពី ដែលជាប្រទេសទើបងើបចេញពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទស្សវត្សរ៍ ឥឡូវនេះកំពុងជួបប្រទះទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលបង្កមកពីភ្លៀងធ្លាក់ខ្លាំង ពាក់ព័ន្ធនឹងបាតុភូតអាកាសធាតុ El Nino៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



