កិច្ចពិភាក្សាស្តីពី «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឆ្នាំ២០២៣នេះ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។ ដើម្បីចូលរួមទិវានេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សាស្ដីពី «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃកិច្ចពិភាក្សានេះគឺ ៖
១. ចូលរួមអបអរសមិទ្ធផល ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ឈានឆ្ពោះទៅការបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ ២០២៥។
២. ទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និងសហគមន៍ងាយរងគ្រោះឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍។

លោកជំទាវ ពុំ ចន្ទីនី បានលើកឡើងពីចំណុចគន្លឹះចំនួន៣ ដែលត្រូវយកចិត្តទុកដាក់ រួមមាន៖ ទី១. ការបើកលំហសេរីភាពពេញលេញក្នុងការចូលរួមប្រយុទ្ធទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ប្រកបទៅដោយសមភាព និងបរិយាបន្ន ពីគ្រប់ដៃគូពាក់ព័ន្ធនានា, ទី២. ការរៀបចំឱ្យមានធនធានគ្រប់គ្រាន់ ទាំងថវិកា សម្ភារៈ និងធនធានមនុស្ស ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគអេដស៍/ជំងឺអេដស៍, និងទី៣. ការកសាងសមត្ថភាពរបស់សហគមន៍ ដែលរងគ្រោះដោយសារមេរោគអេដស៍ ដើម្បីចូលរួមទាំងអស់គ្នា ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ ដែលជាការគំរាមដល់សុខភាពសាធារណៈ តាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៥ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner