ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ សហព័ន្ធកីឡាបេស្បលសម្លឹងឃើញធនធានឆ្នើម ២៥នាក់ត្រៀមប្រមូលផ្តំជាជម្រើសជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(កំពង់ធំ)៖ ការប្រកួតកីឡាបេស្បលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែលដំណើរការប្រកួតអស់រយៈពេល៤ថ្ងៃ នៅទីលានកីឡដ្ឋានបេស្បលបឹងសំរិទ្ធ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ក្រុមបេស្បលឆ្នាំងមាស មកពីខេត្តកំពង់ឆ្នាំងដណ្តើមបានជ័យលាភីលេខ១ ខណៈ ក្រុមបេស្បលមនុស្សធំ ជ័យលាភីលេខ១ដណ្តើមបានដោយបេស្បលអលអហ្វវ័ន្តមកពីរាជធានីភ្នំពេញ។ កម្មវិធីបិទបញ្ចប់ការប្រកួតនេះ បានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម ញ៉ែម ថាវី ប្រធានកិត្តិយស សហព័ន្ធកីឡាបេស្បល លោក ឆែម តារា ប្រធានសហព័ន្ធ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា និងសប្បុរសជនមកពីប្រទេសកូរ៉េជាច្រើនរូបចូលរួមផងដែរ។

លោក ឆែម តារា បានគូសបញ្ជាក់ថា ការប្រកួតកីឡាបេស្បលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ សង្កេតឃើញថា កីឡាករកីឡាការិនីចូលរួមទាំងអស់មានការអភិវឌ្ឍន៍សមត្ថភាពរីកចំរើនគួកត់សម្គាល់ ទាំងបច្ចេកទេស និងគុណភាពនៃការលេង។ លោកថា ឆ្លងកាត់ការប្រកួតអស់រយៈពេល៤ថ្ងៃកន្លងមកនេះ អ្នកជំនាញបច្ចេកទេសកីឡាបេស្បលពីប្រទេសជប៉ុន បានសម្លឹងជ្រើសរើសរកឃើញកីឡាករល្អៗមានទេពកោសល្បចំនួន២៥នាក់ពីការប្រកួតនេះជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសយកធ្វើជាក្រុមកីឡាករជម្រើសជាតិមកបំប៉នហ្វឹកហាត់ត្រៀមចូលរួមការប្រកួតអន្តរជាតិនានា ពិសេស ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។

ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ទៀតថា កីឡាករទាំងអស់ដែលជ្រើសរើសបាននៅពេលនេះ នឹងមានការធ្វើតេសសមត្ថភាពបន្តទៀត ដើម្បីឲ្យមានគុណភាពចូលក្នុងជម្រើសជាតិ ហើយបន្ទាប់មកទៀតសហព័ន្ធនឹងរៀបចំផែនការហ្វឹកហាត់ជុំគ្នាឲ្យបានទៀតទាត់ទៅតាមបច្ចេកទេស ដោយហ្វឹកហាត់ជាមួយគ្រូបង្វឹកកូរ៉េ តៃវ៉ាន់និងជប៉ុនដែលជាគ្រូប្រចាំសហព័ន្ធកីឡាបេស្បល ឈានទៅសម្រេចគោលដៅឈ្នះមេដាយជូនជាតិពីការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសថៃ។

ប្រធានសហព័ន្ធខាងលើ បានបន្ថែមទៀតថា នៅដើមខែមករា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីជម្រើសជាតិយើងទទួលបានការបំប៉នបច្ចេកទេសពីគ្រូជំនាញកីឡាបេស្បល សហព័ន្ធនឹងរៀបចំការប្រកួតកីឡាបេស្បលមិត្តភាពអន្តរជាតិដែលគ្រោងនឹងមានពី៤ទៅ៦ប្រទេសចូលរួមដូចជា៖ប្រទេសកូរ៉េ ចិនតៃវ៉ាន់ ជប៉ុន ឥណ្ឌា វៀតណាមនិងកម្ពុជាម្ចាស់ផ្ទះ ជាការជំរុញបទពិសោធន៍បច្ចេកទេសកីឡាករជម្រើសជាតិកម្ពុជា។

លោក ប៉ែន វុទ្ធី តំណាងអគ្គនាយកនៃអគ្គយកដ្ឋានកីឡា មានប្រសាសន៍ថា ដើម្បីជំរុញឲ្យប្រភេទកីឡាបេស្បលអាចជ្រើសរើសចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅថៃបាន ទាល់តែក្មួយៗកីឡាករកីឡាការិនីទាំងអស់ខិតខំបង្កើតស្មាដៃតាមរយៈការដណ្តើមបានមេដាយនៅក្នុងកម្រិតណាមួយពីការប្រកួតអន្តរជាតិ។ទន្ទឹមជាមួយគ្នានេះ លោក ប៉ែន វុទ្ធី បានជំរុញលើកទឹកចិត្តឲ្យកីឡាករកីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបាននូវសិទ្ធិផលខ្ពស់អាចដណ្តើមបានមេដាយមកជូនជាតិ និងសហព័ន្ធ ជាការតបស្នងចំពោះការលះបង់ទាំងធនធាននិងកម្លាំងកាយរបស់ថ្នាក់ដឹកនាំ។

សម្រាប់លទ្ធផលនៃការប្រកួត យុវជនអាយុក្រោម១៦ឆ្នាំ ចំណាត់លេខ១បានទៅលើក្រុមបេស្បលឆ្នាំងមាសមកពីខេត្តកំពង់ឆ្នាំង។ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមបេស្បលហនុមានមកពីខេត្តតាកែវ និងចំណាត់លេខ៣បានទៅលើក្រុមបេស្បលព្រាប ស មកពីរាជធានីភ្នំពេញ។ ដោយឡែក ក្រុមបេស្បលមនុស្សធំ ចំណាត់លេខ១បានទៅក្រុម អលអហ្វវ័ន្ត មកពីរាជធានីភ្នំពេញ ។ចំណាត់ថ្នាក់លេខ២បានទៅលើក្រុមបេស្បល បល្ល័ង្កខេត្តកំពង់ធំ និងចំណាត់លេខ៣បានទៅលើក្រុមបេស្បល ថៃហ្គ័រ មកពីរាជធានីភ្នំពេញ ៕

រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner