អត្ថន័យ ១០ នៅលើ ប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ អត្ថន័យ ១០នៅលើប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហាញអំពីការអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ដែលមានខ្លឹមសារដូចតទៅ៖
- នាគរាជ គឺស្តេចសត្វទីឃជាតិ តំណាងឱ្យវប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលបន្តតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ព្រមទាំងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិត និងភាពសុខុដុមរមនារបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
- ផែនទីព្រះរាជាណាចក្រកម្ពុជាបង្កប់ដោយបណ្តាញខ្សែកាបអុបទិកតភ្ជាប់ពេញផ្ទៃផែនទី តំណាងឱ្យការតភ្ជាប់បណ្តាញខ្សែកាបនៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសត្រឹមឆ្នាំ២០២៧ ដើម្បីផ្តល់ជូន សេវាទូរគមនាគមន៍ និងអ៊ីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។
- រូបសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ស្ថិតនៅចំកណ្តាលនៃផែនទី) តំណាងឱ្យស្ថាប័នដឹកនាំលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការងារបរិវត្តកម្មឌីជីថលនៅកម្ពុជា។
- រូបបង្គោលអង់តែនទូរសព្ទចល័ត និងរូបផ្កាយរណប តំណាងឱ្យការរីកលូតលាស់នៃការផ្តល់សេវាទូរសព្ទចល័តប្រកបដោយគុណភាពនៅទូទាំងប្រទេស ដើម្បីបម្រើឱ្យការទំនាក់ទំនងប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងបង្ហាញអំពីការទំនាក់ទំនងទៅវិញទៅមករវាងកម្ពុជានិងបណ្តាប្រទេសនានាក្នុងពិភពលោក។
- រូបអគារប្រៃសណីយ៍ សំបុត្រ និងយន្តហោះ តំណាងឱ្យវិស័យប្រៃសណីយ៍នៅកម្ពុជា ដែលកកើតឡើងតាំងពីអំឡុងសតវត្សទី១៩ និងចរាចរណ៍បញ្ញើប្រៃសណីយ៍ទូទាំងពិភពលោក។ បច្ចុប្បន្ន វិស័យប្រៃសណីយ៍កំពុងត្រូវបានធ្វើទំនើបកម្ម ដើម្បីជំរុញវិស័យប្រៃសណីយ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
- តែមប្រិ៍ប្រៃសណីយ៍មានរូបព្រាបស បង្ហាញអំពីការដឹងគុណដល់ “សន្តិភាព” ដែលជាស្នាដៃដ៏ធំ របស់បិតាសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយសេចក្តីសុខ និងបាននាំឱ្យប្រទេសកម្ពុជាយើងមានសន្តិភាព និងភាពរីកចម្រើនអ្វីៗដូចសព្វថ្ងៃនេះ។
- រូបទូរសព្ទឆ្លាតវៃ តំណាងឱ្យការវិវត្តនៃឧបករណ៍បច្ចេកវិទ្យា ដែលជំរុញឱ្យការទំនាក់ទំនងនាពេលបច្ចុប្បន្ន កាន់តែមានភាពទំនើប និងឆាប់រហ័ស។
- ប្រអប់វេបសាយក្រសួង www.mptc.gov.kh តំណាងឱ្យមធ្យោបាយផ្តល់ព័ត៌មានសំខាន់ៗរបស់ ក្រសួង និងការជំរុញការប្រើប្រាស់ឈ្មោះដែនជាតិ .kh ដើម្បីលើកកម្ពស់អត្តសញ្ញាណ គុណតម្លៃ និងអត្ថិភាពនៃដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត។
- រូបសញ្ញាតូចៗ នៅក្នុងផែនទី តំណាងឱ្យកម្មវិធី ផលិតផល សេវាកម្ម និងគំនិតផ្តួចផ្តើមថ្មីៗរបស់ក្រសួង រួមមាន ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល Verify.gov.kh, សហគមន៍ឌីជីថលកម្ពុជា, កម្មវិធីវាស់ល្បឿនអុីនធឺណិត MPTC Speed Test, កម្មវិធីអភិវឌ្ឍជំនាញឌីជីថល, មជ្ឈមណ្ឌល បច្ចេកវិទ្យាសហគមន៍, កម្មវិធីកម្ពុជាឆ្ពោះទៅឌីជីថល និងសេវាបញ្ញើឆាប់រហ័ស EMS ជាដើម។
- ទិសស្លោក “បច្ចេកវិទ្យាឌីជីថលជួយឱ្យជីវិតកាន់តែប្រសើរ” តំណាងឱ្យការកំណត់យកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពការងារ ដូចបានកំណត់នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យប្រទីបរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងមានការបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន សរុបចំនួន៣០ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី ៕



ដោយ ៖ ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។