កម្ពុជា និងហូឡង់ ស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យនានា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងហូឡង់ បានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើវិស័យ នានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។
ឯកឧត្ដមបណ្ឌិត ចែម វីឌ៉្យារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wouter Jurgens អគ្គនាយកទទួល បន្ទុកកិច្ចការតំបន់អាស៊ី និងអូសេអានី នៃក្រសួងការបរទេសហូឡង់ បានធ្វើជាសហប្រធាន នៃកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងឡាអេ ព្រះរាជាណាចកហូឡង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឥស្សរជនទាំងពីរ បានពិភាក្សាលើប្រធានបទជាច្រើន រាប់ចាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រហូតដល់ការវិវត្តនៃស្ថានការណ៍ថ្មីៗដែលកើតមានឡើងក្នុងតំបន់ទាំងពីរ និងសកលលោក។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យនានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។
ឯកឧត្ដមបណ្ឌិត ចែម វីឌ៉្យា បានសម្តែងនូវការកោតសរសើរចំពោះជំនួយអភិវឌ្ឍន៍ផ្តល់ដោយប្រទេសហូឡង់នាពេលកន្លងមក រួមមាន ជំនួយលើវិស័យសុខាភិបាល សកម្មភាពដោះមីន និងការបណ្តុះបណ្តាលអ្នកការ ទូតកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានផ្ដល់នូវសារៈសំខាន់នៃភាពជាដៃគូអភិវឌ្ឍអាស៊ាន-ហូឡង់ ដែលនាំទៅរកសកម្មភាពជាក់លាក់ក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងហូឡង់។
ជាកិច្ចបញ្ចប់ សហប្រធានទាំងពីរ បានសម្តែងនូវក្ដីពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១នេះ ដែលវាជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់ បាននូវសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំកិច្ចពិគ្រោះ យោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ៕
ដោយ៖ពលជ័យ
