អបអរសាទរខួប៨ឆ្នាំ នៃការទទួលបានពានរង្វាន់ហ្គូស៊ីសន្តិភាពអន្តរជាតិរបស់ឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្ដីត្រេកអរ និងស្ញប់ស្ញែងដល់ឯកឧត្តម ហ៊ុន ម៉ានី ដែល ៨ឆ្នាំមុន គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មានយុវជនកម្ពុជាមួយរូបបានឈរនៅលើឆាកអន្តរជាតិ និងបាននាំមកនូវកិត្តិយសដ៏មហាធំធេងជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា តាមរយៈការទទួលបាននូវពានរង្វាន់ហ្គូស៊ីសន្តិភាពអន្តរជាតិ (GUSI Peace Prize International ) ជាមួយអ្នកដឹកនាំកំពូលៗរបស់ពិភពលោក អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រល្បីៗ១៨រូបផ្សេងទៀត លើភាពជាអ្នកដឹកនាំយុវជន អ្នកមនុស្សធម៌និយម និងអ្នកគាំពារមរតកវប្បធម៌ នោះគឺអ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាឥស្សរជនកម្ពុជាទី១ និងវ័យក្មេងជាងគេរបស់ពិភពលោក ដែលទទួលបាននូវពានរង្វាន់ដ៏អស្ចារ្យនេះ។

ក្នុងនាមជាយុវជន យុវនារីទាំងអស់ ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលមានយុវជនឆ្នើមមួយរូបរបស់កម្ពុជា ជានិមិត្តរូបនៃយុវជនកម្ពុជាទូទាំងប្រទេស បាននាំមាតុភូមិជាទីស្នេហានៃយើងទៅលើឆាកអន្តរជាតិប្រកបដោយកិត្តិនាម និងកិត្តិស័ព្ទល្បីរន្ទឺ តាមរយៈស្នាដៃ និងគុណូបការៈមិនអាចកាត់ថ្លៃបានយ៉ាងច្រើនអនេគឥតគណនារបស់ឯកឧត្តម ហ៊ុន ម៉ានី។

នៅក្នុងទិវាដ៏មហានក្ខត្តឬក្សនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ទូទាំងប្រទេស សូមចូលរួមគោរពជូនពរ និងអបអរសាទរដល់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងខួប៨ឆ្នាំ នៃការទទួលបានពានរង្វាន់ដ៏អស្ចារ្យនេះ ដែលជាមហាកិត្តិយសរបស់កម្ពុជា និងប្រជាជនកម្ពុជាគ្រប់រូប។ យើងខ្ញុំទាំង អស់គ្នា សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី នូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី

ads banner