សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេឡេក្រាមផ្លូវការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណកម្ពុជា បានថ្លែងចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏បានជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្ត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងដែរថា ប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័នជាច្រើន បានរៀបចំ និងតុបតែងរួចរាល់ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ ប្រារព្ធឡើងមានរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្ងៃទី២៦ វិច្ឆិកា ជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ ដោយក្នុងនោះ មានប្រទីបចំនួន ៣០ និងទូកចំនួន ៣៣៨ទូក ចូលរួមក្នុងព្រះរាជាពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ប្រទីបចំនួន៣០ ចាប់ផ្តើមចេញដំណើរតាមក្បូន ដឹកនាំជាដំបូង ដោយប្រទីព្រះបរមរាជវាំង ប្រទីបស្ថាប័នព្រឹទ្ទសភា រដ្ឋសភា រាជរដ្ឋាភិលបាល និងប្រទីបក្រសួងស្ថាប័ន ជាបន្តបន្ទាប់ ដែលនិងបណ្តែតឡើងតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ ទូកចំនួន ៣៣៨ មានប្រភេទទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ និងមានកីឡការចំណុះទូកបុរស នារី សរុបចំនួន ២០,៤៤៤ នាក់ មកពីរាជធានី ខេត្ត ក្រសួងស្ថាប័ន និងចូលរួមអុំប្រណាំង រយៈពេល ៣ថ្ងៃ នៅតាមដងទន្លេសាបពីជើងទៅត្បូង នៅខាងមុខព្រះបរមរាជវាំង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner