កម្ពុជា-ហូឡង់ ពេញចិត្តលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដែលជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់បានសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ

(ភ្នំពេញ)៖ កម្ពុជា-ហូឡង់ ពេញចិត្តលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដែលជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់បានសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ។ នេះបើយោងតាមលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រហូឡង់ ។

ក្នុងសសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត ចែម វីឌៀ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wouter Jurgens អគ្គនាយកទទួល បន្ទុកកិច្ចការតំបន់អាស៊ី និងអូសេអានី នៃក្រសួងការបរទេសហូឡង់ បានធ្វើជាសហប្រធាន នៃកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងឡាអេ ព្រះរាជាណាចក្រហូឡង់ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឥស្សរជនទាំងពីរ បានពិភាក្សាលើប្រធានបទជាច្រើន រាប់ចាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រហូតដល់ការវិវត្តនៃស្ថានការណ៍ថ្មីៗដែលកើតមានឡើងក្នុងតំបន់ទាំងពីរ និងសកលលោក។ ភាគីទាំង ពីរបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ ដើម្បីស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើវិស័យ នានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការ អភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន ។

ឯកឧត្តមបណ្ឌិត ចែម វីឌៀ បានសម្ដែងនូវការកោតសរសើរចំពោះជំនួយអភិវឌ្ឍន៍ផ្តល់ដោយប្រទេស ហូ ឡង់នាពេលកន្លងមក រួមមាន ជំនួយលើវិស័យសុខាភិបាល សកម្មភាពដោះមីន និងការបណ្តុះបណ្តាលអ្នកការ ទូតកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានផ្ដល់នូវសារៈសំខាន់នៃភាពជាដៃគូអភិវឌ្ឍអាស៊ាន-ហូឡង់ ដែលនាំទៅរកសកម្មភាពជាក់លាក់ក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងហូឡង់ ។

ជាកិច្ចបញ្ចប់ សហប្រធានទាំងពីរ បានសម្ដែងនូវក្ដីពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី១នេះ ដែលវាជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់ បាននូវសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner