ព្រះមហាក្សត្រប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន៥៣៨នាក់

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន៥៣៨នាក់ (ស្រី៤៣នាក់)។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជា់កថា ទណ្ឌិតដែលទទួលបានារបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងនោះ៖
•ការបន្ថយទោស ៣ខែ ចំនួន៣៩១នាក់ (ស្រី៣១នាក់)
•ការបន្ថយទោស ៦ខែ ចំនួន១៣២នាក់ (ស្រី១០នាក់)
•ការបន្ថយទោស ៩ខែ ចំនួន១២នាក់ (ស្រី០១នាក់)
•ការបន្ថយទោស ១២ខែ ចំនួន០១នាក់ ( ស្រី០០នាក់)
•ការបន្ថយទោសមួយជីវិតមកនៅត្រឹម៣០ឆ្នាំ ចំនួន០១នាក់ (ស្រី០០នាក់)
•លើកលែងទោស ស្ត្រី០១នាក់ (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ)។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
១៖ ចំពោះបទល្មើសទូទៅ

  • ឧក្រិដ្ឋជនគ្រឿងញៀន
  • អំពើសាហាវយង់ឃ្នង
  • ករណីមិនរាងចាល
  • ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
  • ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
  • ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ
    ២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
  • ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ
  • ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ
  • ជនរងគ្រោះជាសាច់សាលោហិត
  • ករណីរំលោភបូក
  • ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕
    ដោយ៖ពលជ័យ
ads banner